ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសអំពីការបង្កើត ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដែលនឹងដើរតួជំនួសគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។
ក្នុងនោះលោក ខៀវ សាម៉េត ជាអនុប្រធានសហព័ន្ធបានបញ្ជាក់ថា “ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជានេះ នឹងជំនួសឲ្យគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ព្រោះយើងក្រឡេកមើលទៅប្រទេសជិតខាងយើង ដូចជានៅវៀតណាម ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម គេមានក្រុមហ៊ុនលីគរបស់គេ ដែលគេរៀបចំការប្រកួតលីគក្នុងស្រុក ក៏ដូចជាខាប់ (Cup) គេធ្វើបានជោគជ័យហើយ”។
លោកបានបន្ថែមទៀតថា “គាត់ (ក្រុមហ៊ុនលីគ) រ៉ាប់រង និងមើលការខុសត្រូវក្លិបនីមួយៗ ព្រោះធម្មតាក្លិបស្រុកគេ គេហៅថា អាជ្ញាបណ្ឌក្លិប ដើម្បីបានចូលប្រកួតក្នុងលីគ តើក្លិបត្រូវធ្វើដូចម្ត៉េចខ្លះ ទើបអាចបានចូលរួម? មានលក្ខខ័ណ្ឌ ១, ២, ៣ ចឹងទៅ។ រាល់ថ្ងៃយើងឃើញក្លិបស្រុកយើង ក្លិបខ្លះអត់ទាន់បំពេញលក្ខខណ្ឌបានទេ អញ្ចឹងយើងត្រូវឲ្យគាត់ជួយប្រាប់ថា អ្នកឯងត្រូវធ្វើដូចម្ត៉េច ទើបបានលេងក្នុងលីគ? អាជ្ញាបណ្ឌក្លិប មិនមែនតែស្រុកយើងទេ គឺនៅក្របខណ្ឌអាស៊ាន និងអាស៊ី ក៏មានអាជ្ញាបណ្ឌក្លិបសិនដែរ។ បើសិនអត់គ្រប់លក្ខខណ្ឌទេ គឺការចូលរួមប្រកួត ដូចជាក្នុងក្របខណ្ឌ AFC Cup ឬ AFC Champions League ក្ដី គឺចូលរួមអត់បានទេ។ អ៊ីចឹងគាត់ជួយមើលត្រង់ចំណុចហ្នឹងទៀត។ មួយវិញទៀត រាល់ថ្ងៃយើងដឹងហើយថា ក្លិបរាល់ថ្ងៃ គឺចាយលុយខាតច្រើនរាល់ឆ្នាំ ក្លិបនីមួយៗ គាត់អត់មានចំណូលអ្វីធំដុំទេ។ ម្យ៉ាងដោយសារយើងបិទអត់ឲ្យទស្សនិកជនចូលទស្សនាផ្ទាល់ អត់មានចំណូលអ្វីសោះហ្មង ធ្វើឲ្យក្លិបនីមួយៗមានបញ្ហាវិបត្តិហិរញ្ញវត្ថុ។ អ៊ីចឹងគាត់នឹងកៀគរអ្នកឧបត្ថម្ភ (Sponsor) មកជួយពង្រឹងក្លិប។ បើសិនជាយើងអត់មានលុយទេ ក្លិបគាត់ចេះតែចាយលុយ ចាយៗយូរទៅគាត់លែងចង់ចាយ ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍បាល់ទាត់”។
ក្នុងនោះលោកបានសង្កត់ធ្ងន់ថា “យើងនឹងធ្វើទៅតាមស្ដង់ដារអន្ដរជាតិ ដូចក្លិបនៅអឺរ៉ុបធំៗអ៊ីចឹង គឺថា អ្នកមានលុយប៉ុន្មានក៏ដោយ អ្នកឯងត្រូវចាយក្នុងចំនួនកំណត់ណាមួយឲ្យស្មើភាពគ្នាមានន័យថា ឲ្យមានការប្រកួតប្រជែងដោយភាពស្មោះត្រង់ និងយុត្ដិធម៌ (Fair-Play)។ ឧទាហរណ៍ដូចក្លិប Man-City គាត់ចាយលុយច្រើនលើសលប់ ត្រូវបានរងពិន័យពី UEFA ជាដើម។ អញ្ចឹងទាំងអស់នេះ សុទ្ធតែជារឿងដែលត្រូវធ្វើ ដើម្បីភាពយុត្តិធម៌ និងរីកចម្រើន ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា គឺត្រូវមើលគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពផ្លូវច្បាប់ ទិដ្ឋភាពហិរញ្ញវត្ថុ និងការងារជាច្រើនទៀត ដើម្បីធ្វើឲ្យកម្រិតបាល់ទាត់យើងរីកចម្រើន។ ចង់ឲ្យជម្រើសជាតិមួយខ្លាំង លុះត្រាតែក្លិបខ្លាំង ដូចយើងមើលប្រទេសជិតខាងយើង បើសិនជាក្លិបខ្សោយ ជម្រើសជាតិក៏ខ្សោយដែរ ព្រោះកីឡាករភាគច្រើនលេងនៅក្លិប ខណៈការប្រមូលផ្ដុំជម្រើសជាតិមានរយៈពេលខ្លីណាស់៕