អតីតខ្សែប្រយុទ្ធ Premier League លោក Kevin Phillips ជឿជាក់ថាម្ចាស់ក្លឹបថ្មី Newcastle United អាចជាមូលហេតុបណ្តាលឱ្យលោក Ole Gunnar Solskjaer ត្រូវគេបណ្តេញចេញពី Manchester United ។
បុរសវ័យ ៤៨ ឆ្នាំរូបនេះគិតថាក្រុមបិសាចក្រហម Manchester United អាចនឹងមានការប្រុងប្រយ័ត្នចំពោះម្ចាស់ថ្មីរបស់ Newcastle United ដែលកំពុងស្វែងរកគ្រូបង្វឹកដែលមានសក្តានុពលម្នាក់។ Phillips មានអារម្មណ៍ថា នេះអាចជំរុញឱ្យបិសាចក្រហមបណ្តេញលោក Solskjaer ឱ្យបានឆាប់ ប្រសិនបើលទ្ធផលនៅតែបន្តធ្លាក់ចុះខុសពីការរំពឹងទុករបស់ពួកគេ។
ថ្លែងទៅកាន់ Football Insider Kevin Phillips បាននិយាយថា៖ «លទ្ធផល និងទម្រង់លេងគឺមិនទាន់ល្អគ្រប់គ្រាន់ទេ។ ត្រូវការការកែលម្អបន្ទាប់ពីសម្រាកអន្តរជាតិ។ ការផ្លាស់ប្តូរម្ចាស់ថ្មីរបស់ Newcastle អាចបង្កឱ្យមានបញ្ហានៅក្នុងបន្ទប់ប្រជុំរបស់ United ។ ពួកគេអាចធ្វើការសម្រេចចិត្ត ប្រសិនបើពួកគេខ្លាច Newcastle ទទួលបានអ្នកចាត់ការកំពូលម្នាក់»។
ការទិញយកក្លឹប Newcastle United បានធ្វើឱ្យក្របខ័ណ្ឌ Premier League រំជើបរំជួលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ក្លឹបសារិការព្រៃ កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ ព្រមទាំងអ្នកគ្រប់គ្រងដែលមានគុណភាពខ្ពស់ជាច្រើន ខណៈដែលម្ចាស់ថ្មីរបស់ពួកគេ កំពុងប្រែក្លាយខ្លួនទៅជាក្លឹបធំបំផុតមួយនៅអឺរ៉ុប។
បញ្ជាក់ផងដែរថា ក្លឹបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្រូបង្វឹកដូចជាលោក Antonio Conte, Steven Gerrard និង Frank Lampard ដើម្បីជំនួសលោក Steve Bruce ដែលជាអ្នកចាត់ការទូទៅបច្ចុប្បន្នរបស់ពួកគេ៕