កីឡាករ Benjamin Mendy របស់ Manchester City ត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំ មុនពេលកាត់ក្តីពីបទរំលោភសេពសន្ថវៈ និងរំលោភបំពានផ្លូវភេទ។
ខ្សែការពារបារាំងវ័យ ២៧ឆ្នាំរូបនេះ ដែលត្រូវបានឃុំឃាំងអស់រយៈពេលប្រហែល ៧សប្តាហ៍ នឹងត្រូវបានចៅក្រមលោក Patrick Thompson បដិសេធមិនឱ្យនៅក្រៅសវនាការរយៈពេល ៥០នាទីនៅឯតុលាការ Chester Crown ដែលប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបានរាប់បញ្ចូល។ ដែលនេះ គឺជាពាក្យសុំនៅក្រៅឃុំលើកទី ៣ ដែលជនជាប់ចោទបានធ្វើ។
Mendy ត្រូវបានចោទប្រកាន់ពីបទរំលោភចំនួន ៤ករណី និងរំលោភផ្លូវភេទលើស្ត្រីបីនាក់ រួមទាំងម្នាក់អាយុក្រោម ១៨ ឆ្នាំ នៅផ្ទះរបស់គាត់នៅលើផ្លូវ Withinlee ក្នុងទីក្រុង Prestbury, Cheshire។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹប Man City នៅខែកញ្ញាបានសរសេរថា“ ក្រុម Manchester City អាចបញ្ជាក់ថា បន្ទាប់ពីគាត់ត្រូវបានប៉ូលីសចោទប្រកាន់នៅថ្ងៃនេះ ហើយរូបគេត្រូវបានព្យួរការងាររង់ចាំការស៊ើបអង្កេត។ “បញ្ហានេះស្ថិតនៅក្រោមដំណើរការផ្លូវច្បាប់ ហើយដូច្នេះក្លឹបមិនអាចធ្វើការអត្ថាធិប្បាយបន្ថែមបានទេ រហូតដល់ដំណើរការនោះបញ្ចប់” ៕