ខ្សែប្រយុទ្ធ Luis Suarez បានផ្ញើសារដាស់តឿនដល់លោកគ្រូបង្វឹក Xavi Hernandez ដែលជាអតីតមិត្តរួមក្រុម មិនឲ្យគេសម្រេចចិត្តមកដឹកនាំ Barcelona ជំនួស Ronald Koeman ដោយចង់ឲ្យ Xavi រង់ចាំពេលវេលាសមស្របសិន។
Suarez និយាយថា៖ នៅ Barca កំពុងមានសង្គ្រាមផ្ទៃក្នុងមួយ ដែលបានធ្វើឲ្យកីឡាករទទួលរងភាពឈឺចាប់។ សម្រាប់គំនិតខ្ញុំផ្ទាល់ ខ្ញុំចង់ឲ្យ Xavi រង់ចាំសិន។ វាមិនមែនជាពេលសមស្របទៅដឹកនាំក្លិបនោះឡើយ។ គេជាមនុស្សឆ្លាតគឺមុខជាត្រូវចាំសិន។
ខណៈពេលនេះ កៅអីរបស់គ្រូបង្វឹក Ronald Koeman កំពុងក្ដៅមែនទែនហើយ បន្ទាប់ពីដឹកនាំឲ្យក្រុមចាញ់ការប្រកួតបើកឆាកទាំង២នៅ UCL គឺទល់នឹង Bayern Munich និង Benfica ។ សារព័ត៌មានជាច្រើនបានចុះផ្សាយថា លោកអាចនឹងត្រូវបញ្ចប់តំណែងនាពេលឆាប់ៗខាងមុខ ហើយថ្នាក់ដឹកនាំ Barcelona ចង់យក Xavi ដែលកំពុងដឹកនាំក្លិប Al-Sadd នៅប្រទេសកាតាមកជំនួស។
យ៉ាងណាមិញ Saurez ដែលត្រូវបង្ខំចិត្តចាកចេញពីទឹកដី Camp Nou និងផ្ទេរទៅ Atletico Madrid បានចេញមុខមកបង្ហើបថា រូបគេមិនទាន់ចង់ឲ្យ Xavi មកដឹកនាំក្រុម Barcelona នាពេលនោះឡើយ៕