កីឡាករ Kylian Mbappe និង Neymar ហាក់ដូចជាវិលត្រលប់មករកភាពល្អប្រសើរវិញ ក្រោយពីកីឡាករសញ្ជាតិបារាំងរូបនេះ បានបង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ចំពោះខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ អំឡុងការប្រកួតចុងក្រោយរបស់ក្រុម Paris Saint-Germain។
គួររំលឹកថា ភាពតានតឹងរវាងខ្សែប្រយុទ្ធកំពូលទាំងពីរ បានកើតមានឡើងអំឡុងជ័យជម្នះ ២-០ លើ Montpellier កាលពីថ្ងៃសៅរ៍។ ដោយ Mbappe ត្រូវបានប្តូរចេញបន្ទាប់ពី Julian Draxler បង្កើនការនាំមុខរបស់ PSG ទ្វេដង ហើយការលេចធ្លាយវីដេអូដែលថតដោយ Canal+ បានបង្ហាញថា គាត់មានការខឹងសម្បារយ៉ាងខ្លាំងចំពោះ Neymar ដែលមិនបញ្ជូនឱ្យគាត់។
ទោះជាយ៉ាងណា អ្នកទាំងពីរហាក់ដូចជាបានស្រួលបួលជាមួយគ្នាហើយ ខណៈដែលពួកគេបានចូលហ្វឹកហាត់វិញកាលពីថ្ងៃចន្ទ ដោយស្នាមញញឹមនៅលើមុខរបស់ពួកគេ ត្រៀមជួបជាមួយក្រុម Manchester City ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះ៕