គ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលស៊ិក លោក Roberto Martinez បាននិយាយថា លោកមិនមានការពិភាក្សាណាមួយ ជាមួយក្រុម Barcelona អំពីលទ្ធភាពនៃការក្លាយជាគ្រូបង្វឹកថ្មី របស់ក្រុមយក្សអេស្ប៉ាញមួយនេះទេ។
ពិតណាស់ បច្ចុប្បន្នកៅអីរបស់លោក Ronald Koeman ក្នុងនាមជាគ្រូបង្វឹកកំពុងតែក្ដៅគគុក ក្រោយការដឹកនាំមិនសូវបានល្អទាល់តែសោះ ខណៈមានពាក្យចចាមអារ៉ាមថា Barca បានសម្លឹងឃើញអ្នកត្រៀមជំនួសតំណែងរួចរាល់ហើយ ក្នុងនោះរួមមានលោក Martinez ផងដែរ។
Martinez និយាយថា៖ “វាជារឿងធម្មតាទៅហើយសម្រាប់គ្រូបង្វឹក នៅពេលដែលដឹកនាំការប្រកួតចាញ់ ៣ដងជាប់ៗគ្នា ហើយវានឹងល្អប្រសើរឡើងវិញ នៅពេលដែលយើងទទួលបានលទ្ធផលល្អ”។
គួរឲ្យដឹងថា លោក Martinez ដែលបានចាប់ផ្ដើមអាជីពជាគ្រូបង្វឹកដំបូងនៅក្លិប Swansea City ក្នុងឆ្នាំ ២០០៧ បានទទួលបន្ទុកជាគ្រូបង្គោលក្រុមជម្រើសជាតិប៊ែលស៊ិក ចាប់តាំងពីឆ្នាំ ២០១៦ និងធ្លាប់បានដឹកនាំក្រុមឲ្យទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងព្រឹត្ដិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ ផងដែរ៕