អេ​ស្ប៉ា​ញ​កោះហៅ​ខ្សែការពារ​ស្លាប​ឆ្វេង របស់​ក្រុម​មាន់​ខ្នាយ​មាស ចូល​ក្រុម​ជម្រើសជាតិ

0

កីឡាករ Sergio Reguilon ត្រូវ​បាន​កោះហៅ​ចូលរួម​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ សម្រាប់​ការ​ប្រកួត​ទល់​នឹង​ក្រុម​កូ​សូ​វ៉ូ ក្នុង​វគ្គ​ជម្រុះ World Cup ២០២២​។

យ៉ាងណាមិញ ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ ទទួល​បាន​ជ័យជម្នះ ៤-០ យ៉ាង​ត្រចះត្រចង់​ក្រុម​លើ​ហ្ស៊​ក​ហ្ស៊ី កាលពី​ថ្ងៃអាទិត្យ បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង ក្រុម​កំពូល​តារាង​ស៊ុ​យ​អែ​ត កាលពី​ស​ប្ដា​ហ៍​មុន​។ ប៉ុន្ដែ​អំឡុង​ការ​ប្រកួត ក្រុម​របស់​លោក Luis Enrique បាន​បាត់បង់​សមាជិក​ពីរ​រូប​ដោយសារ​របួស​គឺ Aymeric Laporte និង Jose Luis Gaya​។ របួស​របស់ Laporte មើលទៅ​មិនសូវ​ជា​ធ្ងន់ធ្ងរ​នោះ​ទេ ខណៈ Gaya ហាក់​មាន​សភាព​ពិបាក​ជាង​។

ដូច្នេះ​ហើយ​ទើប​អេ​ស្ប៉ា​ញ កោះហៅ​ខ្សែការពារ​ស្លាប​ឆ្វេង Reguilon មក​បន្ថែម​ម្នាក់​ទៀត ដើម្បី​ជំនួស Gaya ត្រៀម​សម្រាប់​ការ​ប្រកួត​ទល់​នឹង​កូ​សូ​វ៉ូ​។ កន្លង​មក កីឡាករ​ដែល​កើត​ចេញពី​ថ្នាល​របស់ Real Madrid រូប​នេះ មានឱកាស​ចូល​លេង​ឱ្យ​ក្រុម​អេ​ស្ប៉ា​ញ​៥​លើក ហើយ​រំពឹង​ថា​គេ​នឹង​បាន​លេង​ប្រកួត​ទី​៦​ទល់​នឹង​កូ​សូ​វ៉ូ ប៉ុន្ដែ តារា​ឆ្នើម Jordi Alba ទំនង​មាន​ភាគរយ​ខ្ពស់​ជាង ក្នុង​ការ​ទទួល​បាន​កៅអី​ពី​គ្រូបង្វឹក​សម្រាប់​តំណែង​នេះ​៕