អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កីឡាករបាល់ទាត់វ័យក្មេងម្នាក់បានធ្លាក់ស្លាប់ បន្ទាប់ពីព្យាយាមលួចឡើងលើយន្តហោះយោធាអាមេរិក ដែលចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល ។
កីឡាករ Zaki Anwari អាយុ ១៩ ឆ្នាំ បានធ្លាប់លេងឱ្យក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន។ ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលាដែល កីឡាករវ័យក្មេងរូបនេះស្លាប់ គឺមិនត្រូវបានបង្ហាញនោះទេ។
ចាប់តាំងពីក្រុមតាលីបង់ដណ្តើមបានអាហ្វហ្គានីស្ថានមកវិញ មនុស្សរាប់ពាន់នាក់បានសម្រុកទៅព្រលានយន្តហោះក្រុងកាប៊ុល ខណៈប្រទេសលោកខាងលិច ក៏ប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋ និងសហការីអាហ្វហ្គានីស្ថានរបស់ពួកគេ ។
រូបភាពបានលេចចេញកាលពីថ្ងៃច័ន្ទ ដែលបង្ហាញពីមនុស្សរាប់រយនាក់ កំពុងរត់តាមយន្ដហោះកងទ័ពអាកាសអាមេរិក។ មនុស្សមួយចំនួនត្រូវបានគេឃើញតោងជាប់នឹងយន្តហោះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងតិច ២នាក់បានធ្លាក់ស្លាប់ បន្ទាប់ពីយន្តហោះ ហោះឡើង ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមហ្វេសប៊ុក អគ្គនាយកដ្ឋានអប់រំកាយ និងកីឡា របស់អាហ្វហ្គានីស្ថាន បានសម្តែងសោកស្តាយចំពោះកីឡាករ Anwari ។ ស្ថាប័នកីឡាបាននិយាយថា ៖ « សូមឱ្យគាត់ទៅកាន់សុគតិភព ហើយ អធិដ្ឋានដល់ព្រះ សម្រាប់គ្រួសារ មិត្តភក្តិ និងមិត្តរួមការងារកីឡា » ។ អ្នកផ្សេងទៀតក៏បានចែករំលែកការគោរពរបស់ពួកគេ នៅលើបណ្តាញសង្គមព្រោងព្រាតផងដែរ។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានសរសេរនៅលើ Instagram ថា ៖ « ការចាកចេញរបស់គាត់ គឺជាទុក្ខសោកយ៉ាងខ្លាំង ។ ក្តីស្រលាញ់របស់ខ្ញុំនឹងនៅជាមួយអ្នកជានិច្ច »៕