ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប៉ះក្រុមតោខៀវ Chelsea នៅយប់ថ្ងៃអាទិត្យ វេលាម៉ោង ១០:៣០ នាទីខាងមុខនេះ ដែលជាប្រកួតដ៏ធំបំផុត ប្រចាំសប្តាហ៍នៅលីគកំពូលអង់គ្លេស។
កាលពីព្រឹកមិញ Arsenal បានប្រកាសថា កីឡាករ ២រូប ត្រូវខកខានមិនបានចូលរួម មានខ្សែប្រយុទ្ធ Alexandre Lacazette និង P.E Aubameyang ដែលពួកគេវិជ្ជមានកូវីដ-១៩ ហើយខាងក្លឹប Chelsea ក៏ត្រូវខកខានកីឡាករសំខាន់ Christian Pulisic ម្នាក់ផងដែរ ពោលគឺស្ថិតក្នុងករណីដូចគ្នា។
ទោះជាយ៉ាងណា តាមការបញ្ជាក់ចុងក្រោយពីលោក Thomas Tuchel បានឲ្យតម្រុយវិជ្ជមាន នៃការត្រលប់មកវិញ សម្រាប់តារាឆ្នើម ២រូប ដែលពួកគេបានអវត្តមាននៅជំនួបសប្តាហ៍មុន រួមមានខ្សែបម្រើ N’Golo Kante និងខ្សែប្រយុទ្ធស្លាប Hakim Ziyech។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ និយាយថា៖ “Christian គេតេស្តឃើញវិជ្ជមានកូវីដ-៩ ហើយត្រូវស្ថិតនៅដោយឡែក ពោលពុំបានមកចូលរួមការប្រកួតនោះទេ ស្របពេលដែល Hakim Ziyech និង N’Golo Kante ពួកគេទាំងពីរ បានត្រលប់មកហ្វឹកហាត់កាលពីម្សិលមិញវិញហើយ តែយើងត្រូវតាមដានបន្តទៀត មុនសម្រេចនៅថ្ងៃស្អែក តែយ៉ាងណាពេលនេះគឺយើងមើលឃើញពីភាពវិជ្ជមាន ដែលពួកគេអាចនឹងចូលរួមនៅប្រកួតថ្ងៃអាទិត្យ ខាងមុខបាន”។
ក្រៅពីអ្នកទាំងពីរ លោក Tuchel ក៏បង្ហើបថាចំណូលថ្មី Romelu Lukaku ទំនងជាអាចបង្ហាញវត្តមាន នៅប្រកួតដ៏សំខាន់នេះផងដែរ តែមិនច្បាស់ថាជាប់ឈុតជម្រើសដំបូង ឬបម្រុងនោះឡើយ៕