ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski ត្រូវគេរាយការណ៍ថា កំពុងទន្ទឹងរង់ចាំការផ្លាស់ទៅលេងឲ្យ Real Madrid ស្របពេលក្លិបយក្សអាល្លឺម៉ង់ ក៏កំពុងត្រៀមខ្លួន ដើម្បីរកអ្នកថ្មីមកជំនួសតំណែងនេះវិញផងដែរ ។
ជាក់ស្តែងយោងតាមកាសែត AS បានឲ្យដឹងថា Lewandowski តែងតែមានក្តីស្រម៉ៃចង់ទៅលេងឲ្យក្លិប R.Madrid នៅថ្ងៃណាមួយ ចំពេលកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយក្លិប Bayern នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខនេះ ។
ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញវ័យ ៣២ឆ្នាំរូបនេះ នៅតែត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធល្អបំផុតមួយក្នុងពិភពបាល់ទាត់ ដោយគេអាចរកបាន ៤១ គ្រាប់ក្នុងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន ដោយបំបែកកំណត់ត្រារបស់ Gerd Muller ក្នុងនាមជាកីឡាករដែលអាចរកគ្រាប់នៅក្នុងលីគបានច្រើនជាង ៤០ គ្រាប់ត្រឹមមួយរដូវកាល។
លើសពីនេះ Lewandowski ក៏បានស៊ុតបញ្ចូលទី ២ គ្រាប់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Euro ២០២០ កន្លងទៅផងដែរ បើទោះបីជាក្រុមប៉ូឡូញមិនអាចឆ្លងផុតវគ្គចែកពូលក្តី ។
តែទោះជាយ៉ាងណាក្លិប Bayern បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមរកអ្នកត្រូវជំនួសកន្លែង Lewandowski ប្រសិនបើគេសម្រេចចិត្តចាកចេញ ខណ:របាយការណ៍ចុងក្រោយមួយបង្ហាញថាកីឡាករ Cody Gakpo របស់ក្លិប PSV Eindhoven គឺជាគោលដៅធំម្នាក់ របស់ក្លិបយក្សនៅអាល្លឺម៉ង់មួយនេះ ៕