McGregor ប្រកាសទិញក្លិបបាល់ទាត់ចំនួន២

0

កំពូលអ្នកប្រដាល់ក្នុងទ្រុង UFC ដ៏ល្បី Conor McGregor បានប្រកាសថាគេចង់ទិញយក ទាំងក្លិបបិសាចក្រហម Manchester United និងក្លិប Celtic ដែលស្ថិតនៅប្រទេសស្កុដឡែន៍ ព្រោះគេគិតថាគេមានប្រាក់គ្រប់គ្រាន់ សម្រាប់ទិញ និងមានសមត្ថភាព អាចបង្កើតសមិទ្ធផលធំៗឲ្យក្លិបទាំងពីរបាន។

កីឡាករសញ្ជាតិអៀរឡង់រូបនេះ បានលក់ភាគហ៊ុនរបស់គេក្នុងក្រុមហ៊ុនស្រាវីស្គី Proper No.Twelve ក្នុងទឹកប្រាក់ជាង ៦០០លានដុល្លារ និងមាននាមជាកីឡាករ ដែលរកប្រាក់ចំនូលបានច្រើនក្រាស់ក្រែលដែរ។

យ៉ាងណាមិញ គេនៅតែមានទឹកចិត្តចង់ទិញយកក្លិបយក្សនៅ Premier League គឺ Manchester United និងបង្ហើបថាគេនឹងសាកល្បង ចរចាជាមួយលោក Joel Glazer ដែលជាប្រធានក្លិបខណៈដែល Man UTD ជាក្លិបមួយដែលមានទំហំទឹកប្រាក់ដល់ទៅ ៣កោដផោន(ស្មើនឹងប្រមាណ៤.២កោដដុល្លារ) នេះបើតាមការគុណគូរបស់ទស្សនាវដ្ដី Forbes ។

មិនត្រឹមតែប៉ុណ្ណោះ Conor McGregor ក៏មានចំណាប់អារម្មណ៍ចង់ទិញយកក្លិប Celtic ដែលស្ថិតក្នុងលីគលំដាប់លេខ១របស់ ស្កុដឡែន៍ ក្របខណ្ឌ Scottish Premiership ដែលបានរបូតតំណែងជើងឯករដូវកាលនេះ ទៅឲ្យក្លិបគូប្រជែង Rangers ផងដែរ។

គួរជម្រាបថា ស្ថានភាពរបស់ក្លិប Manchester United កំពុងមានភាពច្របូកច្របល់ ទាក់ទងនឹងគណៈគ្រប់គ្រង ព្រោះពេលនេះអ្នកគាំទ្រជាច្រើន បានតវ៉ាឲ្យលោក Joel Glazer លក់ក្លិបនេះជាប្រញាប់ ខណៈលោកបានប្រកាសថា មិនលក់នោះឡើយ៕