ស្លាកប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ដែល CR7ដោះបោះចោលនោះ ពេលនេះ ត្រូវក្រុមអ្នករៃអង្គាសប្រាក់សម្រាប់កម្មវិធីសប្បុរសធម៌មួយបានយកវាទៅដេញថ្លៃដោយគ្រោងនឹងយកប្រាក់មកជួយទារកអាយុ ៦ខែម្នាក់ដែលមានបញ្ហាត្រង់ឆ្អឹងខ្នង។
យោងតាមបង្ហើបឲ្យដឹងពី Corriere Dello Sport គឺការដេញថ្លៃនោះនឹងប្រព្រឹត្តិទៅចំនួនបីថ្ងៃ ហើយរំពឹងទុកថានឹងរកប្រាក់បានខ្ទង់ ២.៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ២.៩លានដុល្លារ)ឯណោះ។
សូមជម្រាបថា ស្លាកប្រធានក្រុមនេះត្រូវបានអ្នកមើលថែស្មៅនៅកីឡដ្ឋាន Red Star បានរើសយកវាមក ក្រោយការប្រកួតរវាង ព័រទុយកាល់ និង ស៊ែប៊ី បានបញ្ចប់ទៅក្នុងលទ្ធផល ២ ទល់នឹង ២។
ទោះបី Cristiano Ronaldo ត្រូវអ្នកវិភាគបាល់ទាត់មួយចំនួន បានរិះគន់យ៉ាងចាស់ដៃទាក់ទងនឹងការបង្ហាញកាយវិការឆេវឆាវបែបនេះក៏ដោយ ក៏កេរ្តិ៍ឈ្មោះរបស់គេនៅតែល្បីរន្ទឺ ហើយក្រុមអ្នករៃអង្គាសប្រាក់នោះសង្ឃឹមថា ស្លាកប្រធានក្រុមដែលធ្លាប់តោងជាប់នឹងដៃកំពូលខ្សែប្រយុទ្ធម្នាក់នេះ នឹងជួយប្រមូលប្រាក់មកព្យាបាលទារកម្នាក់នោះឲ្យជាសះស្បើយ៕