ភ្នំពេញ៖ រថយន្តដឹកអីវ៉ាន់ មយុយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បើកបុកបារ៉ាសកំណត់ កម្ពស់រថយន្តឆ្លងកាត់ស្ពានម៉ាឡេ បុកបាក់ទាំងគល់ រួមទាំងទីស្នាក់ការ យាមគោលដៅរបស់សន្តិសុខ ជាប់រថយន្តអូសប្រហែល ២ម៉ែត្រ តែសំណាងល្អ មិនបង្កអោយមានមនុស្ស រងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានម៉ាឡេ កែង ផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2777 បើកដោយបុរសម្នាក់ ចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានម៉ាឡេ ខណៈពេលមកដល់ចំណុចកើតហេតុ ដោយរថយន្តបង្កមានកម្ពស់ខ្ពស់ជាង បារ៉ាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានម៉ាឡេ ក៏បានបុកពេញទំហឹង បណ្តាលឲ្យ របើកទាំងគល់បារ៉ាស រួមទាំងទីស្នាក់ការសន្តិសុខ គៀបជាប់រថយន្តអូសប្រហែល២ម៉ែត្រ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។
បើតាមការសារភាព របស់ តៃកុងរថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ត ចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានម៉ាឡេ គាត់មិនបានចាប់អារម្មណ៍ថា ស្ពានម៉ាឡេ មានបារ៉ាស កំណត់កម្ពស់នោះទេ ទើបប្រឹងបន្ថែមល្បឿនរថយន្ត ដើម្បីឡើងស្ពាន ខណៈពេលមកដល់ចំណុច កើតហេតុ ស្រាប់ទ្រង់របស់រថយន្ត បុកបារ៉ាស កំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពាន រួមទាំងទីស្នាក់ការ របស់សន្តិសុខ គៀបជាប់រថយន្ត អូសប្រហែល២ម៉ែត្រ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុរួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕