ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Choupo-Moting នឹងត្រូវខកខានចូលរួមជួយក្រុមជម្រើសជាតិកាមេរូន ក្នុងវគ្គជម្រុះពានរង្វាន់ Africa Cup of Nations។
ខ្សែប្រយុទ្ធកាមេរូនវ័យ៣២ឆ្នាំរូបនេះ បានស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកាមេរូន ប៉ុន្តែដោយសារកំហុសបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់ប្រទេសកាមេរូនបានធ្វើឲ្យគេខកខានវិញ។ បើតាមរបាយការណ៍របស់កាសែត Bild កំហុសដែលបានកើតឡើងគឺពិតជាគួរឲ្យអស់សំណើចណាស់ ដោយសារសហព័ន្ធបាល់ទាត់ប្រទេសកាមេរូនបានផ្ញើសារអុីមែលច្រឡំមកខ្លួនឯង ជាហេតុធ្វើឲ្យដំណឹងការកោះហៅមិនបានទៅដល់កីឡាករ Moting ឡើយ។
ដូច្នេះ កាមេរូន នឹងមិនមានវត្តមានកីឡាករ Moting ក្នុងការប្រកួតចំនួនពីរសំខាន់ៗនៅក្នុងខែមីនានេះទល់នឹងក្រុមជម្រើសជាតិកាបវែរ និង ក្រុមជម្រើសជាតិរវ៉ាន់ដានោះទេ៕