កម្ពុជា និងបណ្ដាប្រទេស មហាអនុតំបន់ទន្លេមេគង្គផ្សេងទៀត ចែករំលែកបទពិសោធន៍គ្នា ក្នុងការស្ដារវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ១៩ (Video)

0

ភ្នំពេញ៖ ស្របពេលការរាត្បាតនៃជំងឺកូវីដ-១៩ នៅតែអូសបន្លាយអស់ ពេលជាច្រើនខែមកហើយនោះ បានធ្វើឱ្យវិស័យទេសចរណ៍ ពិភពលោកជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសជាច្រើន ក៏បានខិតខំប្រឹងប្រែងស្ដារ វិស័យទេសចរណ៍របស់ខ្លួនខ្លាំងណាស់ដែរ ដោយប្រទេសខ្លះអាច ទប់ទល់ស្ថានការណ៍បាន រីឯប្រទេសខ្លះទៀតក៏ជួបនូវ ការបរាជ័យទៅវិញក៏មាន។

យោងតាមក្រសួងទេសចរណ៍ បានឲ្យដឹងថា ជាក់ស្ដែងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈប្រព័ន្ធវីដេអូខន់ហ្វឺរិន ក្នុងគោលបំណងរួម គឺធ្វើយ៉ាងណាត្រូវស្ដារ វិស័យទេសចរណ៍ឡើងវិញឱ្យបាន នាអំឡុងពេល និងក្រោយពេលវិបត្តិកូវីដ១៩។ ថ្វីដ្បិតកិច្ចប្រជុំនេះជារឿង របស់ក្រុមប្រទេសនៃមហា អនុតំបន់ទន្លេមេគង្គក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានអ្នកចូលរួម ផ្សេងទៀតមកពីជុំវិញពិភពលោក ដែលមានទាំងស្ថាប័នសាធារណៈ និងផ្នែកឯកជនសរុបប្រមាណ ១,០០០នាក់។

ភាគីកម្ពុជាត្រូវបានដឹកនាំ ការចូលរួមដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយលោករដ្ឋមន្ត្រីក៏បាន ចូលរួមចែករំលែកបទពិសោធន៍ ជាច្រើនជូនអង្គប្រជុំអនឡាញនេះ។

ប្រធានបទដែលបានលើកយកមកពិភាក្សា គឺមានដល់ទៅ ១០ជំពូក ពាក់ព័ន្ធនឹងកិច្ចការនយោបាយ ដែលបានដាក់ចេញដោយរដ្ឋាភិបាល នៃប្រទេសក្នុងមហាអនុតំបន់មេគង្គ ការអនុវត្តគោលការណ៍នៃ ការធ្វើដំណើររបស់ភ្ញៀវទេសចរ ពីគោលដៅទេសចរណ៍មានសុវត្ថិភាព ទៅកាន់គោលដៅទេសចរណ៍ ដែលមានសុវត្ថិភាពមួយទៀត និងកិច្ចពិភាក្សាលើការ ដោះស្រាយផលប៉ះពាល់វិបត្តិកូវីដ១៩ និងការស្តារវិស័យទេសចរណ៍ ក្នុងតំបន់ឡើងវិញជាដើម។

នាឱកាសនោះលោក ថោង ខុន ក៏បានលើកបង្ហាញថា នៅចំពោះការតស៊ូប្រយុទ្ធប្រឆាំង ជាមួយបិសាចកំណាចកូវីដនេះ ប្រទេសកម្ពុជាមិនបាន នៅស្ងៀមនោះឡើយ ដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រោមការគាំទ្រពីសំណាក់ អង្គការសុខភាពពិភពលោកផងនោះ បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាង សស្រាក់សស្រាំ និងមានការយកចិត្តទុកដាក់ជាទីបំផុត។

លោករដ្ឋមន្ត្រីបានបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ស្ថាប័ន អង្គភាពនានា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាបាន ចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះ ក្នុងនោះក្រសួងទេសចរណ៍ ក៏តែងចេញធ្វើសកម្មភាពជាប់ជាប្រចាំ នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមតំបន់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅ មូលដ្ឋានអាជីវកម្មសេវាកម្មម្ហូបអាហារ អាជីវកម្មសេវាកម្មដឹកជញ្ជូន ផ្លូវគោកនិងផ្លូវទឹក។ ការខិតខំនេះគឺដើម្បីធ្វើយ៉ាងណា អាចស្ដារវិស័យទេសចរណ៍ ក្នុងប្រទេសបានខ្លះ ដើម្បីជួយកុំ ឱ្យជួបនូវវិបត្តិដុនដាបខ្លាំងពេក ក្នុងនោះក្រសួងទេសចរណ៍បានជំរុញ ឱ្យមានចលនាទេសចរក្នុងស្រុកខ្លះៗ ដោយភ្ជាប់ជាមួយការពង្រឹង ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ ផ្នែកខាងលើ ដើម្បីឱ្យដង្ហើមវិស័យទេសចរណ៍ ជាតិនៅតែអាចរស់បាន។

លោក ថោង ខុន ថាក្រសួងទេសចរណ៍តែង បានស្វែងរកកិច្ចសហប្រតិបត្តិការ និងកិច្ចសហការពីសំណាក់ ដៃគូជាតិ-អន្តរជាតិនានា ដើម្បីពង្រឹងការអនុវត្តការងារសំខាន់ ក្នុងវិស័យទេសចរណ៍របស់ខ្លួនជារឿយៗ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងកិច្ចប្រជុំនេះ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិ ជាច្រើនបានសម្លឹងឃើញថា កម្រិតនៃការឆ្លងជំងឺកូវីដ នៅក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ គឺនៅមានកម្រិតតិចតូចជាងតំបន់ដទៃ ដែលទៅថ្ងៃមុខគួរតែរៀបចំឱ្យ មានទេសចរមកលេងកម្សាន្តបាន ប៉ុន្តែក៏ត្រូវតែធានា សុវត្ថិភាពទេសចរណ៍ខ្ពស់ និងច្បាស់លាស់ដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រទេសក្នុងតំបន់នេះមិនទាន់ហ៊ាន ទទួលយកភ្ញៀវទេសចរអន្តរជាតិ បាននៅឡើយទេ ពីព្រោះហានិភ័យពីខាងក្រៅ នៅមានកម្រិតខ្ពស់នៅឡើយ គឺមានតែភ្ញៀវទេសចរក្នុងស្រុកខ្លះៗប៉ុណ្ណោះ តួយ៉ាងដូចជាកម្ពុជា ថៃ ចិនជាដើម។

សម្រាប់កម្ពុជា ទោះបីមិនទាន់អាចទទួល យកទេសចរអន្តរជាតិបាន ក៏កម្ពុជានៅតែរៀបចំខ្លួនជាប់ជាប្រចាំ ដូចជាពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ ការលើកទឹកចិត្តឱ្យមានការវិនិយោគ បង្កើតផលិតផលទេសចរណ៍ថ្មីៗ និងមានសុវត្ថិភាពខ្ពស់ ការជំរុញឱ្យប្រជាពលរដ្ឋ ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់នឹងសម័យ កាលបដិវត្តឧស្សាហកម្ម ៤.០ ការបង្វឹកបំប៉ន និងបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍បន្ថែម ការលើកស្ទួយ និងជំរុញឱ្យមានការវិនិយោគ លើវិស័យកសិកម្ម ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ពិសេសគឺការទប់ស្កាត់មិនឱ្យឆ្លងចូល ទៅក្នុងសហគមន៍ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់បន្ថែម របស់លោកថោង ខុន ទៅកាន់អង្គប្រជុំ «The 1st Destination Mekong Summit»។

លោក ថោង ខុន បានបង្ហើបឱ្យដឹងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការ ឈប់សម្រាករយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកកាល ពីកំលុងពេលចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅ ដោយកំលុងពេល៥ថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ក្នុងស្រុកប្រមាណ ១.៤លាននាក់។ អ្វីដែលឱ្យរីករាយនោះ គឺគ្មានរកឃើញថា មានករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាម្នាក់នោះឡើយ។

ចំណុចថ្មីមួយទៀតនៅក្នុង កិច្ចប្រជុំខាងលើគឺប្រទេសថៃ បានលើកឡើងពីគម្រោងចង់ពិភាក្សា ជាមួយរដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ដើម្បីពិនិត្យលើលទ្ធភាព អនុវត្តនយោបាយទេសចរណ៍ «Green Travel Bubble» ជាលក្ខណៈទ្វេភាគី ឬត្រីភាគី ហើយប្រសិនបើជោគជ័យ គេនឹងអាចឈានដល់ ពហុភាគីថែមទៀត ៕