លោក ពេជ្រ ស្រស់ ថាជម្លោះរវាងថៅកែថោន និង ខេម គ្មានអ្នកឈ្នះ មានតែអ្នកចាញ់និងខាត

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា ជម្លោះរវាងតារាចម្រៀង ខេម និងថៅកែផលិតកម្មថោន គឺគ្មានអ្នកឈ្នះ មានតែអ្នកចាញ់ និងខាតដោយថៅកែ គឺបង្ហាញពីភាពអាត្មានិយម ឲ្យមហាជនបានដឹង រីឯ ខេម បង្ហាញពីភាពមិនអត់ធ្មត់ ឲ្យដល់ទីបញ្ចប់ ។

លោក ពេជ្រ ស្រស់ បានបង្ហាញទស្សនៈបែបនេះ បន្ទាប់ពីជម្លោះរវាងតារាចម្រៀង ខេម និងថៅកែផលិតកម្មថោន កាន់តែក្ដៅគគុកឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពាក់ព័ន្ធរឿងកុងត្រាការងារក្រោយពីខេម ចាកចេញពីទ្រនំថោន ទៅរួមរស់ជាមួយផលិតកម្ម Galaxy Navatra របស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រាកាលពីពេលថ្មីៗនេះ។

លោក ពេជ្រ ស្រស់ បានបង្ហាញទស្សនៈផ្ទាល់ខ្លួន តាមរយៈគេហទំព័រហ្វេសប៊ុក ក្នុងន័យដើមទាំងស្រុងថា «ខ្ញុំមិនចង់លូកដៃរឿងទំនាស់ ខេម ទេ ប៉ុន្តែគ្រាន់តែខ្ញុំចង់ផ្តល់ជាទស្សនៈទាន ក្នុងរឿងនេះបន្តិចចុះ បើធ្វើជាដើមឈើធំ កុំខ្លាចអ្នកចូលជ្រកម្លប់ នឹងកុំខឹងនៅពេលគេចាកចេញ ឈប់ជ្រកម្លប់របស់ខ្លួនពីព្រោះថា គឺគ្រប់មនុស្សតែងតែមានការផ្លាស់ប្តូរ បើខ្លួនជាឪពុករបស់គេគឺ កុំខឹងកូននៅពេលដែលកូនឈប់ រស់នៅជាមួយនឹងយើង ពីព្រោះថា ការចាកចេញរបស់កូនគឺ ជម្រើសរបស់កូនដើម្បីទៅកសាងអនាគត ហើយក្នុងនាមជាឪពុក គឺត្រូវតែសប្បាយចិត្ត នៅពេល ដែលកូនមានភាពរឹងមាំ ហ៊ានចាកចេញពីយើង ម្យ៉ាងទៀតគួរជូនពរកូន ចំពោះអ្នកដែលបានជ្រកក្រោមម្លប់ ដើមឈើធំមុននឹងចាកចេញ ពីក្រោមដើមឈើរនោះគឺត្រូវបោសសំអាតនូវសំរាមដែលខ្លួន ប្រើប្រាស់ពេលខ្លួននៅជ្រក ក្រោមដើមឈើនោះឲ្យស្អាតសិន មុននឹងចាកចេញបន្តដំណើរ ទៅមុខ បន្តទៀតចំពោះកូន បើទោះបីធំដឹងក្តីអាចដើរហើរបាន ដោយខ្លួនឯងយ៉ាងណាក៏ដោយ គឺដាច់ខាតកុំភ្លេចឪពុក ដែលជាអ្នកផ្តល់កំណើត និង ថែទាំតាំងតែពីយើងនៅជាទារក ហើយអ្វីដែលកូនត្រូវធ្វើ គឺនៅពេលដែលកូនចាកចេញពីឪពុក ហើយមានភាពចម្រុងចម្រើន គឺកុំភ្លេចគុណអ្នកធ្លាប់ផ្តល់កំណើត និងជួយយើងពីដំបូងទី»។

ប្រធានគណបក្សរូបនេះ បានសរសេរបន្ថែមថា «សរុបសេចក្តីមកជម្លោះរបស់ខេម និងថៅកែគឺគ្មានអ្នកឈ្នះ និងមានតែអ្នកចាញ់ និងខាតដោយថៅកែគឺ បង្ហាញពីភាពអាត្មានិយម ឲ្យមហាជនបានដឹង រីឯ ខេម បង្ហាញពីភាពមិនអត់ធ្មត់ ឲ្យដល់ទីបញ្ចប់ ប៉ុន្តែក្នុងនាមជាឪពុកមិនគួរ ជួលគេឲ្យតាមវ៉ៃកូននាពេល កូនចាកចេញពីផ្ទះនោះទេ ហើយរឿង ខេម នេះ គឺខ្ញុំធ្លាប់ផ្តាំផ្ញើរទៅថៅកែ ថោន តាមរយៈមិត្តភក្តិជិតស្និត របស់គាត់ដែរថាកុំប្តឹង ខេម អីគឺវាអត់ចំណេញទេ ហើយគួរបើកចិត្តឲ្យធំទូ
លាយចំពោះអតីតបុគ្គលិករបស់យើង ទើបទទួលបានផលល្អពេលចុងបញ្ចប់ ហើយខ្ញុំជឿជាក់ថា នៅពេលដែលកូនរកស៊ីមានគឺ មិនអាចបំភ្លេចផ្ទះខ្លួនឯង ធ្លាប់ជ្រកនោះទេច្បាស់ណាស់គ្រប់មនុស្សទាំងអស់ គឺ នៅពេលដែលរកស៊ី មានបានទៅនឹងនឹកឃើញផ្ទះដែលខ្លួនធ្លាប់ជ្រកមុនគេជាដាច់ខាត…» ៕