ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធទាំងអស់ឲ្យ ចាត់វិធានការសុខាភិបាល ឲ្យបានដិតដល់នៅកន្លែង ដែលមានភ្ញៀវទេសចរទៅកម្សាន្ត ពិសេសក្នុងអំឡុងពេលឈប់សម្រាក រយៈពេល ៥ថ្ងៃខាងមុខនេះ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ ចូលដល់សហគមន៍កម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើទោះបីពិភពលោក នៅបន្តស្ថិតនៅក្នុងស្ថានភាព មិនច្បាស់លាស់នៅឡើយ អំពីថ្នាំព្យាបាលជំងឺកូវីដ១៩ កម្ពុជាត្រូវតែមានភាពច្បាស់លាស់ និងម្ចាស់ការលើការងារ ជាអាទិភាពចម្បងពីរគឺ៖
ទី១៖ ការបន្តរក្សានូវស្ថិរភាព នយោបាយដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងស្ថានការណ៍
ទី២៖ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឱ្យបានល្អប្រសើរ ទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញក្នុងទីផ្សារ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវអនុវត្តទិសដៅភារកិច្ចចំនួន ៥គឺ៖
ភារកិច្ចទី១៖ បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កុំឱ្យឆ្លងរីករាលដាលក្នុងសហគមន៍ ហើយត្រូវបន្តអនុវត្ត និងចាត់វិធានការសុខាភិបាល ឱ្យបានដិតដល់ នៅកន្លែងដែលមានភ្ញៀវទេសចរ ទៅកម្សាន្ត ពិសេសក្នុងកំឡុងពេល ឈប់សម្រាកខាងមុខនេះ ដើម្បីថែរក្សាសុខុមាលភាព បស់ប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល ត្រូវខិតខំស្ថាបនាមន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្តមើលមេរោគកូវីដ១៩ បន្ថែមពីលើមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ នៅខេត្តសំខាន់ចំនួន៣ទៀតគឺ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
ភារកិច្ចទី២៖ បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពចរាចរណ៍ ដើម្បីការពារភាពសុខសាន្ត និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ភារកិច្ចទី៣៖ បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារ ផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ចំនួនពីរខែទៀត។
ភារកិច្ចទី៤៖ ជំរុញនិងលើកទឹកចិត្តការ បង្កបង្កើនផលក្នុងវិស័យកសិកម្ម ដោយ ប្រមូលផ្ដុំឡើងវិញនូវកម្លាំង ពលកម្មពីវិស័យសេវាកម្មនិង ឧស្សាហកម្ម ដែលបាន និង កំពុងរងផលប៉ះពាល់ ពីវិបត្តិនៃជំងឺកូវីដ១៩ ដើម្បីគាំទ្រដល់ផលិតកម្ម កសិកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅទីផ្សារក្រៅប្រទេស ព្រមទាំងលើកទឹកចិត្តដល់ប្រជា កសិករទូទាំងប្រទេសឱ្យធ្វើការ ចិញ្ចឹមត្រីអណ្ដែងឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងគាំទ្រដល់ការនាំចេញ ទៅលក់នៅក្រៅប្រទេស។
ភារកិច្ចទី៥៖ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាចំណេះទូទៅ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយត្រូវ បែងចែកទៅតាមដំណាក់កាល និងត្រូវគោរព ឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។ ចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងត្រូវអនុញ្ញាតឱ្យ បើកដំណើរការឡើងវិញ ត្រូវមានការបាញ់ថ្នាំសម្លាប់មេរោគ ឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសជាពិសេស អគារសិក្សា ដែលធ្លាប់បានប្រើប្រាស់ ធ្វើជាមណ្ឌលចត្តាឡីស័ក។
សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះសមត្ថភាព និងការទទួលខុស ត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលកម្ពុជា ដែលបានខិតខំរួមចំណែក លើកកម្ពស់គុណភាព វិស័យសុខាភិបាលក្នុងស្រុក ឲ្យមានការរីកចម្រើន គួរជាទីមោទនៈ ខណៈដែលតម្រូវការ នៃសេវាសុខាភិ បាលក្នុងស្រុក នាពេលបច្ចុប្បន្នមានការកើនឡើង ដែលជាការជំនួសការចេញទៅព្យាបាល នៅក្រៅ ប្រទេសរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងវិបត្តិនៃជំងឺកូវីដ-១៩។
ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូន ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំនួន ២ខែទៀត។ហើយជំរុញ និងលើកទឹកចិត្តការបង្កបង្កើនផល ក្នុងវិស័យកសិកម្ម ដោយប្រមូលផ្ដុំឡើងវិ ញនូវកម្លាំងពលកម្មពីវិស័យសេវាកម្ម និងឧស្សាហកម្ម ដែលបាននិងកំពុងរងផលប៉ះពាល់ ពីវិបត្តិនៃជំងឺ កូវីដ-១៩ ដើម្បីគាំទ្រដល់ផលិតកម្ម កសិកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ ទៅទី ផ្សារក្រៅប្រទេស។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញជំងឺកូវីដ-១៩ ចំនួន២៧៣នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២២៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន៤៤នាក់៕