ជិត ២០ឆ្នាំ អង្គការ WCS ការពារសំបុកសត្វ ត្រយ៉ងយក្សបានចំនួន ៤១៣សំបុក

0

ភ្នំពេញ៖ រយៈពេលជិត ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៤-២០២០ ក្រុមការពារសំបុកនៃអង្គការ WCS បានការពារសំបុកសត្វត្រយ៉ងចំនួន ៤១៣សំបុក និងការពារកូនញាស់បានចំនួន ៦៤៩កូន នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង នៃប្រទេសកម្ពុជា ដែលគ្របដណ្តប់លើដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃ ព្រៃព្រះរកា និងឧទ្យានបេតិកភណ្ឌជាតិភ្នំត្បែង ។

យោងតាមហ្វេសប៊ុក អង្គការ WCS បានឲ្យដឹងថា ក្រោមការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង(GPL) នៅក្នុងពាក់កណ្តាលរដូវពងកូនក្នុងឆ្នាំនេះ ក្រុមការពារសំបុកសត្វនៃអង្គការ WCS/GPL បានរកឃើញសំបុកសត្វត្រយ៉ងយក្សចំនួន ៨សំបុក គិតចាប់ពីដើមរដូវពងកូន កាលពីខែឧសភាកន្លងមក។ ក្រុមការពារសំបុកសត្វស្លាប បានប៉ាន់ប្រមាណថា ចំនួនសំបុកត្រយ៉ងយក្សនេះ នឹងកើនឡើងចាប់ពីពេលនេះ រហូតដល់ចុងរដូវពងកូន នាដំណាច់ខែតុលាខាងមុខ។

ចាប់ពីឆ្នាំ ២០០៤ ដល់ ២០២០ ក្រុមការពារសំបុក បានការពារសំបុកសត្វត្រយ៉ងបានចំនួន ៤១៣សំបុក និងបានការពារកូនញាស់បានចំនួន ៦៤៩កូន នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង នៃប្រទេសកម្ពុជាដែលគ្របដណ្តប់លើ ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃ ព្រៃព្រះរកា និងឧទ្យានបេតិកភណ្ឌជាតិភ្នំត្បែង។ កាលពីឆ្នាំ ២០១៩ ក្រុមការពារសំបុកបានរកឃើញ សំបុកសត្វត្រយ៉ងយក្សចំនួន ២២សំបុកនិងបានការពារ កូនញាស់បានចំនួន ៣៥កូន។

អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តកម្មវិធី ការពារសំបុកសត្វស្លាប (ដែលជាកម្មវិធីមួយរៀបចំឡើង ដើម្បីទប់ស្កាត់បទល្មើស ប្រមូលយកពងនិងកូនសត្វស្លាប) ហើយក្រោមកម្មវិធីនេះ ប្រជាសហគមន៍ដែលរស់នៅ ក្នុងតំបន់ការពារចំនួនពីរ ស្ថិតក្នុងតំបន់ខ្ពង់រាបភាគខាងជើងនេះ នឹងទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្ត តាមលក្ខខណ្ឌព្រមព្រៀងមួយ ប្រសិនបើ ពួកគាត់បានរកឃើញសំបុកសត្វ អង្កេតតាមដាន និងការពារសំបុករហូតដល់ កូនសត្វញាស់ហើរចេញដោយសុវត្ថិភាព។

ពីឆ្នាំ២០០២ ដល់ ២០១៦ សំបុកសត្វចំនួន ៣.៨១៣សំបុក និងកូនញាស់ចំនួន ៦.៨០៦កូន ត្រូវបានការពារនៅទូទាំង តំបន់ខ្ពង់រាបភាគខាងជើងនេះ។

តំបន់ខ្ពង់រាបភាគខាងជើង គឺជាទីជម្រករបស់សត្វស្លាបជិត ៣០០ប្រភេទ ដែលក្នុងនោះរួមមានប្រភេទសត្វជិតផុតពូជបំផុតចំនួន ៥ប្រភេទ គឺ ត្រយ៉ងយក្ស (ជាបក្សីជាតិតំណាងឱ្យ ព្រះរាជាណាចក្រកម្ពុជា) ត្រយងចង្កំកស ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ តំបន់នេះក៏ជាទីជម្រកដ៏សំខាន់ សម្រាប់ការរស់រានរបស់ប្រភេទសត្វស្លាបទឹក ដែលកំពុងរងការគំរាមកំហែងផងដែរ ដូចជា ទាព្រៃស្លាបស ពពូលទឹក និងក្រៀលក្បាលក្រហម ៕