ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសថា មិនអាចទុកឲ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យ ចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចឡើយ ។
យោងតាមសេក្ដីជូនដំណឹង ស្តីពីការគ្រប់គ្រងជនបរទេស អន្តោប្រវេសន្តនៅកម្ពុជា របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ កក្កដា បានឲ្យដឹងថា ដោយពិនិត្យឃើញថា មិនអាចទុកឲ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យ ចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ចាប់ពីឆ្នាំ២០១៤មក ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ដឹកនាំ និងបានទទួលនូវការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយកិច្ចការនេះ ប្រកបដោយការបេ្តជ្ញាចិត្ត និងការទទួលខុសត្រូវ ចំពោះផលប្រយោជន៍ជាតិ។
គណៈកម្មការអន្តរក្រសួងមួយ និងក្រុមការងារប្រតិបត្តិជាច្រើន ត្រូវបានបង្កើតឡើង ដើម្បីចុះធ្វើជំរឿន ស្ថិតិជនបរទេសអន្តោប្រវេសន្ត ឡើងវិញដោយ មានការត្រួត ពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីវាយតម្លៃចងក្រង ជាតារាងឧបសម្ព័ន្ធផ្លូវការបម្រើឱ្យការកំណត់ក្របខ័ណ្ឌ គ្រប់គ្រងនិងដោះស្រាយ។
ជាលទ្ធផលចុដក្រោយ នាពេលបិទឱសានវាទនៃ យុទ្ធនាការកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក គឺមានជនបរទេសអន្តោប្រវេសន្ត នៅទូទាំងប្រទេសបានដាក់ពាក្យស្នើសុំ ប្រកាសទទួលស្គាល់ជា ជនបរទេសអន្តោប្រវេសន្ត និងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ចំនួន ៨៩.៧៨៦នាក់ ស្មើនឹង ២៨.៩៤៥ គ្រួសារ មាន១១សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាម ចំនួន ៨៩.៤៧១នាក់ (ស្រី៤២.៨៣៦) ថៃចំនួន១១៧នាក់ (ស្រី១៥នាក់ ) ឡាវចំនួន ១៥១នាក់ (ស្រី៥២នាក់ )ចិន២២នាក់ (ស្រី១៣នាក់) ភូមា១៤នាក់ (ស្រី០៥នាក់) ឥណ្ឌូនេស៊ី ០៣នាក់ (ស្រី០២នាក់ )ម៉ាឡេស៊ី ចំនួន០៣នាក់ (ស្រី០១នាក់) ណេប៉ាល់ចំនួន០២ (ស្រី០នាក់) បង់ក្លាដេស០១នាក់(ស្រី០នាក់) តង់ហ្សានី០១នាក់ (ស្រី០នាក់) និងអាឡឺម៉ងចំនួន ០១នាក់ (ស្រី០នាក់ )។
ក្នុងដំណើរការពិនិត្យ ដោះស្រាយបញ្ហានេះ ក្រុមការងារបានធ្វើការដកហូត ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេស កំពុងកាន់កាប់ចាប់តាំងពីដើមឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានចំនួន៣៧.៤៣៦ច្បាប់ ពីជនបរទេសចំនួន២០.១០៧គ្រួសារ ដែលមានមនុស្សសរុបចំនួន ៦៩.៩៥៧ ស្មើរនឹង១១សញ្ជាតិ ក្នុងនោះសញ្ជាតិវៀតណាមចំនួន ១៩.៩៦៧គ្រួសារ មនុស្សចំនួន ៦៩.៧៨៧នាក់។
បច្ចុប្បន្នជនបរទេសដែលមាន ចំនួនដូចបានរៀបរាប់ខាងលើ កំពុងត្រូវបានក្រសួងមហាផ្ទៃ ផ្តល់ជូនបណ្ណស្នាក់នៅអចិន្ត្រៃយ៍ (សុពលភាព ០២ឆ្នាំម្តង) ជាបន្តបន្ទាប់ ដើម្បីដាក់ពួកគេឱ្យស្ថិតនៅក្រោមគន្លងច្បាប់ និងអនុវត្តកាតព្វកិច្ចនានាតាមការកំណត់ ៕