ភ្នំពេញ៖ កម្ពុជាមានមោទនភាព ជាប្រទេសដំបូងគេ ដែលបានអនុញ្ញាតឱ្យបើកការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេស ចាប់តាំងពីឆ្នាំ១៩៩៣ ហេីយបច្ចុប្បន្ននេះ ការិយាល័យសិទ្ធិមនុស្សរបស់UN ប្រចាំកម្ពុជា បានក្លាយ ជាការិយាល័យមានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក។ នេះបេីតាមការបញ្ជាក់របស់លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ (UN) នៅហ្សឺណែវ ។
លោក អាន សុខខឿន បានបង្ហាញបទអន្តរាគមន៍ ៥ចំណុចសំខាន់ៗ ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពីជំនួយបច្ចេកទេស និងការកសាងសមត្ថភាព កាលពីថ្ងៃទី១៩ មិថុនា នៅទីក្រុងហ្សឺណែវ៖
១.កម្ពុជាទទួលស្គាល់នូវតួនាទី របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការផ្តល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ដែល ជួយពង្រឹងស្ថាប័នជាតិ ក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស។ កម្ពុជាមានមោទនភាព ជាប្រទេសដំបូងគេ ដែលបានអនុញ្ញាតឱ្យបើកការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេស ចាប់តាំងពីឆ្នាំ១៩៩៣។ បច្ចុប្បន្ននេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(អ.ស.ប) ប្រចាំកម្ពុជា បានក្លាយ ជាការិយាល័យមានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក។ នេះបង្ហាញយ៉ាង ច្បាស់អំពីការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជា ក្នុងការលើកកម្ពស់ ការពារ និងគោរពសិទ្ធិ មនុស្ស។
២.ដូចគណៈប្រតិភូជាច្រើនដទៃទៀត ដែលបានថ្លែងមុននេះ កម្ពុជាបន្តរក្សាទស្សនៈថា កិច្ចសហប្រតិបត្តិការបច្ចេកទេសត្រូវតែកំណត់ និងសម្រេច ផ្អែកតាមតម្រូវការរបស់រដ្ឋពាក់ព័ន្ធ និងត្រូវផ្សារភ្ជាប់ទៅនឹងគោលដៅ និងអាទិភាពជាតិរបស់ប្រទេសនោះ ដោយពិចារណាលើលក្ខណៈពិសេស និងភាពជាម្ចាស់របស់រដ្ឋ។ សារៈសំខាន់នៃតួនាទីរបស់ រដ្ឋជាអ្នកអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្ស គួរតែត្រូវបានគោរព នៅក្នុងដំណើរការនេះ។
៣.ដោយអនុលោមតាមស្មារតី នៃសេចក្ដីថ្លែងការណ៍ និងកម្មវិធីសកម្មភាពទីក្រុងវីយែន (VDPA) និងសេចក្ដីសម្រេចចិត្តនានា របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជំនួយបច្ចេកទេស ត្រូវចាត់ទុកសិទ្ធិមនុស្សគ្រប់ប្រភេទទាំងអស់រួមមាន សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងសិទ្ធិទទួលបានការអភិវឌ្ឍ ឱ្យស្មើភាពគ្នានិងមាន ភាពយុត្តិធម៌ ឈរលើជំហរតែមួយ និងផ្តល់សារៈសំខាន់ដូចគ្នា។ លោក Antonio Guterres អគ្គលេខាធិការអ.ស.ប ក៏បានគូសបញ្ជាក់ថា យើងមិនអាចជ្រើសរើស និង សម្រិតសម្រាំងយកតែសិទ្ធិណាមួយ ក្នុងចំណោមសិទ្ធិមនុស្សទាំងអស់ខាងលើបានទេ។ ដូច្នេះ ការបែងចែកឋានានុក្រមចំពោះសិទ្ធិមនុស្ស ត្រូវតែបដិសេធចោលទាំងស្រុង។
៤.ក្នុងបរិបទនៃការរាលដាលមេរោគកូវីដ១៩ កិច្ចសន្ទនាលើប្រធានបទនេះ ត្រូវធ្វើឡើងជា មួយនឹងការប្រុងប្រយ័ត្នដោយគួរផ្តោតជាសំខាន់ លើការចែករំលែកឧត្តមានុវត្តន៍ក្នុង ការសង្គ្រោះជីវិតមនុស្ស ហើយជៀសវាងការធ្វើនយោបាយភាវូបនីយកម្មលើបញ្ហា សិទ្ធិមនុស្ស ប្រសិនបើយើងចង់ធានាអំពីភាពជឿជាក់ និងប្រសិទ្ធភាពនៃយន្តការសិទ្ធិ មនុស្ស។ កម្ពុជាសូមជំទាស់នឹងវិធានការឯកតោភាគីរបស់រដ្ឋមួយប្រឆាំងនឹងរដ្ឋមួយទៀត ក្រោមស្លាកជំនួយបច្ចេកទេស។
៥.ជាចុងបញ្ចប់ កម្ពុជាផ្តល់តម្លៃទៅលើភាពជាដៃគូពហុភាគី តាមរយៈការកិច្ចសន្ទនា ដែលមានលក្ខណៈចូលរួមវិជ្ជមាន និងគោរពគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់គុណភាព នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបទដ្ឋានសិទ្ធិមនុស្សជាក់ស្តែង៕