ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវដល់ម្ចាស់អាគារនានា ដែលជួលឲ្យរោងចក្រកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច ៣០% សម្រាប់រយៈពេលពី ៣ទៅ៦ខែ ដើម្បីជួយសម្រាលបន្ទុកចំណាយ របស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ។
យោងតាម លិខិតអំពាវនាវរបស់ GMAC នៅថ្ងៃទី៨ ឧសភា បានឲ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ជាឧស្សាហកម្មមួយក្នុងចំណោម ឧស្សាហកម្មនានានៅកម្ពុជា ដែលបាននិងកំពុងទទួលរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។ ការទទួលរងនេះ ត្រូវបានសង្កេតឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។
ជាក់ស្ដែងរោងចក្រចំនួន១៨០ បានព្យួរផលិតកម្មរបស់ខ្លួន ខណៈដែលរោងចក្រចំនួន៦០ ផ្សេងទៀត នឹងព្យួរផលិតផលកម្មនៅពេលខាងមុខ។ ការព្យួរនេះបានបញ្ជាក់អំពីភាពមិនអាច ទ្រទ្រង់បាននូវបន្ទុកចំណាយនានា របស់រោងចក្រ ខណៈដែលចំណូល របស់ពួកគេត្រូវបានធ្លាក់ចុះ។
ការចំណាយរបស់ រោងចក្រលើថ្លៃឈ្នួលអាគារ និងទីតាំង គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ ស្របពេលដែលសមាជិករបស់ GMAC កំពុងរងគ្រោះដោយសារការលុបចោល នៃការបញ្ជាទិញជាច្រើន និងគ្មានការបញ្ជាទិញថ្មីនោះ ក៏ដូចជា ការចំណាយផ្សេងៗដទៃទៀត។
GMAC គូសបញ្ជាក់ថា «សមាគមយល់អំពីទុក្ខលំបាក នៃផលប៉ះពាល់នៃជំងឺកូវីដ១៩ ប៉ុន្ដែយើងពិតជាអំពាវនា ដល់ម្ចាស់អាគារនានា ដែលកំពុងជួលឲ្យរោងចក្រ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណារចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច ៣០% សម្រាប់រយៈពេល ៣ទៅ ៦ខែ។ ក្នុងការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយ របស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រង់វិស័យនេះ» ។
តាងនាមឲ្យរោងចក្រ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា សមាគម GMAC សូមថ្លែងអំណរគុណដល់ ម្ចាស់អាគារទាំងអស់ចំពោះ ការយកចិត្តទុកដាក់ និងការគាំទ្ររបស់លោកអ្នកកន្លងមក។ GMAC ទន្ទឹងរង់ចាំការយោគយល់ និងកិច្ចសហការបន្ថែមទៀតទៅថ្ងៃមុខ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ៕