ភ្នំពេញ៖ បន្ទាប់ពីមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន បានទារលុយយ៉ាងច្រើន ពីជងរងគ្រោះ ២នាក់ប្ដីប្រពន្ធ ដែលគ្រាន់តែលាងរបួស រុំរបួស និងបន្តោកសេរ៉ូមម្នាក់ ១កំប្លោកនោះ ក្រសួងសុខាភិបាល បានព្រមានបិទមន្ទីរសម្រាកព្យាបាលមួយនេះ ប្រសិនបើនៅតែមិនគោរពតាមករណែនាំ របស់ក្រសួង ។
យោងតាមលិខិតព្រមានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ឧសភា បានឲ្យដឹងថា សូមព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀក ប្រធានមន្ទីរសម្រាក់ព្យាបាល សុធារិទ្ធបែកចាន និងលោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ម្ចាស់ទុនមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤០ ផ្លូវលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទៅលើករណីដែលបានយករថយន្តគិលានសង្គ្រោះ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មកព្យាបាលនៅក្នុងមន្ទីរសម្រាកព្យាបាលរបស់ខ្លួន ខុសទៅនឹងចរាចរណែនាំ របស់ក្រសួងសុខាភិបាល ដែលករណីនេះកើតឡើងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ និង ការយកតម្លៃសេវា ព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាងតម្លៃច្បាស់លាស់ ដាក់នៅក្នុងមន្ទីរសម្រាកព្យាបាល សម្រាប់អោយអតិថិជន ឬ អ្នកជំងឺបានដឹងជាមុន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ បន្ថែមលើការព្រមាន នេះ ក្រសួងបានធ្វើការផាកពិន័យ ស្របតាមច្បាប់ដែលមានជាធរមាន ។
ក្រសួងសុខាភិបាល បញ្ជាក់ថា «ក្នុងករណីមិនគោរពតាមការណែនាំ ក្រសួងសុខាភិបាល នឹងបិទមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន ព្រមទាំងលោកវេជ្ជបណ្ឌិត គូរ គឹមហៀក និងលោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន» ។
សូមរលឹកថា ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បានទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន កាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ បន្ទាប់ពីព្យាបាលរួច គ្រូពេទ្យបានសរសេរនៅក្នុងវិកយបត្រ ថា ជនរងគ្រោះទាំង ២នាក់ប្តី ប្រពន្ធ បាក់ដៃ និងបាក់ជើង ធ្វើការព្យាបាលលាងរបួស បន្តោងសេរ៉ូមម្នាក់១កំប្លោក រួចរុំដៃ រុំជើង និង រួចទារលុយចំនួន ៧៥០ដុល្លារ ៕