ភ្នំពេញ៖ ក្នុងខែមេសា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគគិតជាទឹកប្រាក់សរុបចំនួន ១.៥៦១.៩៥៤.៥១៦,៤០រៀល (ស្មើនឹជាង ៣៨ម៉ឺនដុល្លារ) និង ៧៩៨.២៧២,៣៩ដុល្លារ ពីសប្បុរសជនចំនួន ១៦.០៧៣រូប ដែលរួមមានសមាជិកកិត្តិយសចំនួន ១រូប, សមាជិកគាំទ្រចំនួន ១៤.៥៦៩រូប និងសប្បុរសជនផ្សេងៗ ចំនួន១.៥០៣រូប។
ក្នុងចំណោមថវិកាសរុបនេះ ធនាគារអេស៊ីលីដាបានបរិច្ចាគចំនួន ១.២០០.០០០.០០០រៀល និងថវិកាចំនួន ៧៦៧.៣២៨ដុល្លារ បានមកពីកម្រៃពីថ្លៃសំបុត្រ ចូលទស្សនាតំបន់ រមណីយដ្ឋានអង្គរក្នុងត្រីមាសទី១ ឆ្នាំ២០២០។ រួមគ្នានេះដែរមូលនិធិបានផ្ទេរថវិកាចំនួន ៧៦៧.៣២៨ដុល្លារ ដើម្បីបន្តគាំទ្រការពិនិត្យព្យាបាល ដោយឥតគិតថ្លៃដល់កុមារកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា។
សូមជម្រាបជូនថា សាធារណជនព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា អាចបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០.០០០.០០០រៀល/៥.០០០ដុល្លារ ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥០០០រៀល ក្នុងមួយខែ/៦០.០០០រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕