អាម៉េរិក ថានឹងជូនដំណឹងមកកម្ពុជាវិញ បើទទួលបានព័ត៌មានជាក់លាក់ លើគម្រោងផ្តល់ជំនួយដល់សកម្មភាពកំចាត់មីនកម្ពុជា

0

លោកជំទាវ Bridgette Walker គណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានលើកឡើងថា អាម៉េរិក នឹងផ្តល់ដំណឹងមកកម្ពុជា ក៏ដូចជាកអង្គភាពស៊ីម៉ាក់វិញ ប្រសិនបើទទួលបានព័ត៌មានជាក់លាក់ពីរដ្ឋាភិបាល ពាក់ពន្ធ័នឹងការផ្អាកជំនួយលើសកម្មភាពកំចាត់មីនរបស់សហរដ្ឋអាម៉េរិកនៅទូទាំងសកលលោក ដោយរួមមានប្រទេសកម្ពុជាផងនោះ។ លោកជំទាវ បានសម្តែងនូវសុទិដ្ឋិនិយមអំពីទំនាក់ទំនងល្អរ វាងប្រទេសទាំងពីរ ហើយសង្ឃឹមថាគ្រប់យ៉ាងនឹងមានភាពកាន់តែល្អប្រសើរនាពេលអនាគត។

ការគូសបញ្ជាក់របស់មន្ត្រីនៃស្ថានទូតខាងលើ បានធ្វើឡើងក្នុងឱកាសចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។

តាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៍មាន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះថា ការប្រកាសផ្អាកជំនួយភ្លាមៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានរយៈពេល៨៥ថ្ងៃ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការមួយចំនួនរបស់អង្គភាព CMAC ដែលគាំទ្រដោយអង្គការជាដៃគូ ដែលបានទទួលថវិកាជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស សហរដ្ឋអាមេរិក។

ប្រភពដដែល បានបន្តថា ការផ្អាកជំនួយពីអង្គការជាដៃគូចំនួន៣ ដែលមានថវិកាចំនួនប្រមាណ២លាន ដុល្លារក្នុងមួយឆ្នាំ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេសអង្គភាព CMAC ចំនួន២១០នាក់ ដែលកំពុងបំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ដែលស្ថិតក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។

តែមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅតែបញ្ជាក់ថា កម្លាំងប្រតិបត្តិការរបស់អង្គភាព CMAC មានចំនួនប្រមាណ៩២% នៃកម្លាំងអង្គភាព CMAC ទាំងមូល បន្តដំណើរការប្រតិបត្តិការជាធម្មតា នៅតាមបណ្តាខេត្តនានា ដោយរួមទាំងខេត្ត ដែលត្រូវបានផ្អាកជំនួយនេះផងដែរ ដែលកម្លាំងទាំងនេះ គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ JICA CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ត្រាលី កាណាដា និងណូវ៉ែលហ្សឺឡង់) អង្គការJMAS អង្គការNPA អង្គការAPOPO អង្គការMAG និងវិស័យឯកជន។

សូមបញ្ជាក់ជូនថា គម្រោងជំនួយថ្មីៗដែលអង្គភាពCMACទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេសផ្តល់ជំនួយ ជាគម្រោងជំនួយបន្តអនុវត្តន៍ជាមួយកម្លាំងជំនាញ ដែលមានស្រាប់ និងមិនមែនជាជំនួយ ដែលត្រូវយកមកជំនួសកម្លាំងជំនាញ ដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ៕