កាដូស្ពានបេតុងសង់ថ្មីពីរកន្លែង សម្រាប់ព្រឹត្តិការណ៍”បុណ្យភ្នំ”​នៅឧទ្យានជាតិគីរីរម្យ

0

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​បានឱ្យ​ដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ស្ពានបេតុងពីរកន្លែង​ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យ​មានការកកស្ទះអ្នក​ដំណើរ​ពេលបុណ្យទានម្តងៗ លើ​កំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅ​ឧទ្យាន​ជាតិព្រះសុរាម្រិតកុសុមៈ​គីរីរម្យ(ឧទ្យាន​ជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យ​ប្រជាពលរដ្ឋបើកបរឆ្លង​កាត់បណ្តោះអាសន្ន​ហើយ​នៅថ្ងៃទី១៥​ ខែកុម្ភៈ នេះហើយ ។

អ្នកនាំពាក្យដដែលបានពណ៌នាថា ការបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់​បងប្អូន​ប្រជាពលរដ្ឋទៅទស្សនា​កម្សាន្តព្រឹត្តិការណ៍”បុណ្យភ្នំ”ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ផងដែរ។

គួរបញ្ជាក់គម្រោងស្ថាបនាស្ពានបេតុង២កន្លែងដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម ១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។

បើតាមឯកឧត្តម ផន រឹម ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ស្ទើរ​១០០ភាគរយ​ហើយ ក្រោយបើកការដ្ឋានស្ថាបនា​កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ព្រមទាំងដាក់ឱ្យដំណើរការប្រើ​ប្រាស់​ផ្លូវការនៅមុនពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ៕