ភ្នំពេញ ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា របាយការណ៍របស់អង្គការតម្លាភាព(TI)ដែលចោទប្រកាន់កម្ពុជាបានប្រព្រឹត្តអំពើពុករលួយ ជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺជារបាយការណ៍ដែលមិនពិតនិងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បន្ទាប់ពីអង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃ១២ ខែកុម្ភៈបានចេញផ្សាយរបាយការណ៍មួយថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ខាងប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីភូមាជាប់លេខ១ក្នុងចំណោមបណ្តាប្រទេសទាំង១០នៅតំបន់អាស៊ាន ។ ក្នុងនោះកម្ពុជាទទួលបានត្រឹមតែ ២១ពិន្ទុប៉ុណ្ណោះក្នុងចំណោមពិន្ទុ សរុបចំនួន១០០។ ពិន្ទុទាបបែប នេះ ទើបនាំឲ្យកម្ពុជាជាប់ចំណាត់ ថ្នាក់លេខ១៥៨ ក្នុងចំណោមប្រទេសចំនួន១៨០ នៅលើពិភពលោក។
លោក សយ ច័ន្ទវិចិត្រ បានឲ្យដឹង នៅថ្ងៃ១៤ ខែកុម្ភៈថា របាយការណ៍របស់អង្គការមួយនេះ ធ្វើឡើងតាមអារម្មណ៍និងស្រមើលស្រមៃ ដោយគ្មានភាពប្រាកដនិយមនោះទេ ។ “ជារៀងរាល់ឆ្នាំអង្គការនេះ (TI) តែងតែចេញរបាយការណ៍របស់ពួកគេ ខ្ញុំមិនមានការអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែសូមបញ្ជាក់ថារបាយការណ៍នេះមិនមានមូលដ្ឋានច្បាស់លាស់ មិនបានប្រមូលព័ត៌មានពិតប្រាកដគ្រប់ជ្រុងជ្រោយ និងមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងដែលកើតមាននៅកម្ពុជាឡើយ” ។ ប៉ុន្តែទោះយ៉ាងនេះក្តីលោកអះអាងថា អង្គភាព(ACU) ក៏ចាត់ទុករបាយការណ៍នេះជាព័ត៌មានមួយ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយដែរ ។
ទន្ទឹមនឹងនេះដែរ លោក សយ ច័ន្ទវិចិត្រ បានរៀបរាប់ទៀតថា កម្ពុជាតែងគោរពតាមយន្តការរបស់អង្គ ការសហប្រជាជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ (UNCAC) ក្នុងនាមជារដ្ឋភាគីដែលកម្ពុជាបានចូលជាសមាជិកតាំងពីឆ្នាំ២០០៧ មក ។ នេះជាយន្តការសកលក្នុងបុព្វហេតុនៃការប្រឆាំងអំពើពុក រលួយ។ ក្នុងនាមជារដ្ឋភាគីកម្ពុជា មានកាតព្វកិច្ចបំពេញតាមលក្ខ ខណ្ឌតម្រូវទាំងឡាយនៃអនុសញ្ញានេះ ទាំងក្របខណ្ឌច្បាប់ និងការអនុវត្តសកម្មភាព។ ក្នុងនោះកម្ពុជាក៏បានទទួលក្រុមការងារត្រួតពិនិត្យរបស់អង្គការសហប្រជា ជាតិមកកាន់កម្ពុជាតាមការកំណត់ជាប្រចាំ និងទទួលយកអនុសាសន៍ដែលមានលក្ខណៈស្ថាបនា ដើម្បីការកែទម្រង់។ កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញានេះក៏បានបំពេញតួនាទីជាអ្នកត្រួតពិនិត្យការអនុវត្តរបស់ប្រទេសមួយចំនួនផងដែរកន្លងមក៕