ប្រធានរោងចក្រចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវមានមោទនភាពយ៉ាងក្រៃលែង ដែលរោងចក្រចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកម្ពុជាបានដំណើរការដោយជោគជ័យ

0

លោក Bernie Cleary ប្រធានរោងចក្រចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគីរីនៃក្រុមហ៊ុនរ៉ឺណេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលគេស្គាល់ថា ជាក្រុមហ៊ុនរុករក និងចម្រាញ់រ៉ែមាសមកពីប្រទេសអូស្ត្រាលី បានថ្លែងថា ក្រុមហ៊ុនរបស់លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលរោងចក្រចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកម្ពុជាបានដំណើរការដោយជោគជ័យនៅតំបន់អូរខ្វាវនេះ ខណៈដែលក្រុមហ៊ុនបានខិតខំក្នុងការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងទៅឱ្យបុគ្គលិកជាជនជាតិខ្មែរនូវជំនាញទាញយកផលពីរ៉ែមាសនេះ។

ការលើកឡើងរបស់លោក Bernie Cleary បែបនេះក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានជាង ៥០នាក់ មកពីជាង ២០ស្ថាប័ន ក្រោមការដឹកនាំរបស់ក្លិបអ្នកកាសែតកម្ពុជាចុះទៅធ្វើទស្សនកិច្ចស្វែងយល់ដោយផ្ទាល់ដល់ទីតាំងជីក និងចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគីរី របស់ក្រុមហ៊ុនរ៉ឺណេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

នាយកផ្នែកចម្រាញ់មាស នៃក្រុមហ៊ុនរ៉ឺណេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត រូបនេះបានឱ្យដឹងថា រោងចក្រចម្រាញ់រ៉ែមាសនៅតំបន់ជីករ៉ែមាសអូរខ្វាវ ខេត្តមណ្ឌលគីរីនេះបានសាងសង់ឡើងនៅក្នុងឆ្នាំ២០២០ និងបានធ្វើប្រតិបត្តិការក្នុងការចម្រាញ់រ៉ែមាសនៅក្នុងឆ្នាំ២០២១ ជាមួយនឹងការជួយបណ្តុះបណ្តាលដល់សិស្ស និស្សិត ដែលមកពីសាលា និងសកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជាឱ្យមានជំនាញច្បាស់លាស់នៅក្នុងវិស័យនៃការចម្រាញ់រ៉ែមាសនេះ ស្របតាមស្តង់ដាអន្តរជាតិយ៉ាងពិតប្រាកដ។

លោកថា ក្រុមហ៊ុនរ៉ឺណេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺទទួលបានទំនុកចិត្តខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការគាំទ្រពីក្រសួងរ៉ែ និងថាមពល ដែលបានធ្វើឱ្យដំណើរការរបស់រោងចក្រ អាចប្រព្រឹត្តទៅបានរហូតមកដល់សព្វថ្ងៃ ក្រោមគោលការណ៍នៃការថែរក្សាបរិស្ថាន និងការការពារធនធានធម្មជាតិ រួមមានជីវិតសត្វព្រៃដែលកំពុងរបស់នៅក្នុងតំបន់អូរខ្វាវនេះជាដើម។

ក្នុងឱកាសនេះលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានបង្ហាញនូវអារម្មណ៍រីករាយចំពោះកម្ពុជា ដែលមានរ៉ែមាសក្រោមដី និងអាចទាញយកផលបានសម្រាប់យកមករួមចំណែកក្នុងការការអភិវឌ្ឍ ប្រទេសកម្ពុជា ដោយគិតចាប់ពីការទាញយកផលពីរ៉ែមាសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះកម្ពុជា ទទួលបានប្រាក់ចំណូលប្រមាណ៣០លានដុល្លារអាម៉េរិក។

ទាក់ទងទៅនឹងរ៉ែមាសនេះ បើតាមការអះអាងពីមន្ត្រីពាក់ព័ន្ធបានឱ្យដឹងថា បច្ចុប្បន្ននេះសកម្មភាពជីករ៉ែអនាធិបតេយ្យក្នុងតំបន់មួយចំនួននៅតែបន្តមានជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងជីករូងអណ្តូងរ៉ែក្រោមដី ធ្វើឱ្យបាត់បង់ចំណូល និងទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងបង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯងផងនិងប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋានផង ហើយថាក្នុងរយៈពេលមួយឆ្នាំ២០២៤កន្លងទៅនេះ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តពាក់ព័ន្ធ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការ ក្រសួង និងមន្ទីរពាក់ព័ន្ធ ក្រសួងរ៉ែ និងថាមពល បានចាត់វិធានការបង្ក្រាបសកម្មភាពអាជីវកម្មរ៉ែអនាធិបតេយ្យបានចំនួន ១០៩ដង ដោយក្នុងនោះបានបញ្ឈប់ និងបំផ្លាញទីតាំងរ៉ែអនាធិបតេយ្យបានចំនួន ២៧២កន្លែង និងបន្តនីតិវិធីតុលាការបានចំនួន ២៩ករណី នៅតាមបណ្តាខេត្តដូចជា កំពត បាត់ដំបង កំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ៕