ភ្នំពេញ៖ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលា ស្តីពី “ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា” ដែលបានសហការរៀបចំដោយនាយកដ្ឋានអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីតំណាងរោងចក្រសហគ្រាស តំណាងក្រុមហ៊ុនស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិសិ្សត សរុបប្រមាណជា ១២០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។
លោក ញុិល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបជូនដល់អង្គពិធីរួចមក។
ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងបានសហការរៀបចំដោយនាយកដ្ឋានអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម ដែលបានរៀបសិក្ខាសាលាស្តីពី ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា និង ផ្សព្វផ្សាយ មគ្គុទ្ទេសស្តីពីការនាំចេញទៅកាណាដា” នឹងបានជួយចែករំលែកនូវចំណេះដឹង ព័ត៌មាន ការធ្វើពិពិធកម្មទីផ្សារ ការស្វែងរកដៃគូ នីតិវិធីនាំចូល លក្ខខណ្ឌតម្រូវស្តង់ដារ និងបទពិសោធន៍នានា ដើម្បីពង្រីកការនាំចេញរបស់ផលិតកររបស់យើង ក៏ដូចជាចំណេះដឹងដល់ប្អូនៗនិស្សិត ដើម្បីចូលរួមជំរុញការរីកលូតលាស់នៅក្នុងខេត្តកំពង់ស្ពឺ និងប្រទេសកម្ពុជាយើង។
ឯកឧត្តមក៏បានបញ្ជាក់ដែរថា សក្តានុពលក្នុងខេត្តកំពង់ស្ពឺ គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម ជាពិសេស រោងចក្រថ្មីៗ និងរោងចក្រដែលបានដំណើរការនៅក្នុងខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលកើនឡើងនៅគម្រោង វិនិយោគជាច្រើន ក្រៅពីនេះផ្លូវល្បឿនលឿន ផ្លូវជាតិលេខ៤ ផ្លូវ៤១ និងផ្លូវ៤៤ ក៏ជាទីតាំងដែលទាក់ទាញ សម្រាប់វិនិយោគគិន ក្នុងវិស័យឧស្សាហកម្ម សហគ្រាសតែម្តង ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ វិស័យរោងចក្រកាត់ដេរ រោងចក្រផ្គុំដំឡើងគ្រឿងយន្ត និងវិស័យទេសចរណ៍ធម្មជាតិ គោលដៅ អភិវឌ្ឍន៍ក្នុងខេត្តកំពង់ស្ពឺ ខិតខំទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក មកវិនិយោគក្នុងខេត្ត ដើម្បីបង្កើត ការងារជូនប្រជាពលរដ្ឋក្នុងខេត្ត មានការងារធ្វើ ប្រាក់ចំណូល និងជីវភាពសមរម្យ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា ដើម្បីជំរុញឱ្យមានការនាំចេញនូវវិស័យសក្តានុពល មួយចំនួន ដូចជាស្រូវ-អង្ករ ដំឡូង មី ពោត ម្រេច កៅស៊ូ វិស័យជលផល និងការដំឡើង ផលិតផល ធុនស្រាល វិស័យទេសចរណ៍ ឱ្យបានច្រើនបន្ថែមទៀត ប្រទេសកាណាដា ជាប្រទេសធំទីពីរ លើពិភពលោក បើគិត ជា ផ្ទៃក្រឡា ដែលមានប្រជាជនចំនួន៣៩លាននាក់ ជាមួយនឹង១៤ភាគរយនៃចំនួនប្រជាជន៍ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ ២០ភាគរយនៃជនជាតិកាណាដា ជាជនអន្តោប្រវេសន៍ ដោយក្នុងនោះមានប្រជាជនមកពីប្រទេសកម្ពុជាចំនួន ៤១ ៩០០ នាក់ ដើម្បីបំពេញតម្រូវការរបស់ពួកគាត់មានដូចជា ម្ហូបអាហារ ផលិតផលថែទាំផ្ទាល់ខ្លួន និងទំនិញផ្សេងទៀត។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ទន្ទឹមនឹងនេះផងដែរ ដោយបានមើលឃើញពីសក្តានុពលដ៏ធំធេងនៃការធ្វើពាណិជ្ជកម្ម កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចំនួន៣ ផ្សេងទៀត រួមមាន៖ ប្រទេសចិន សាធារណរដ្ឋកូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម ដោយផ្អែកលើសមិទ្ធផលដែលសម្រេចបានទាំងក្នុងឆាកអន្តរជាតិតំបន់ និងទ្វេភាគី ក្រសួងពាណិជ្ជកម្មបាននិងកំពុងសិក្សានូវលទ្ធភាពក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីបន្ថែមទៀតជាមួយបណ្តាប្រទេសមួយចំនួន រួមមានប្រទេសឥណ្ឌា ម៉ុងហ្គោលី ជប៉ុន អាម៉េរិក កាណាដា និងប្រទេសផ្សេងៗទៀតផងដែរ ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ក្នុង ឆ្នាំ២០៥០ផងដែរ៕