សម្តេចតេជោ ហ៊ុន សែន៖ បើកម្ពុជាមិនគ្រប់គ្រងអធិបតេយ្យ និងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ ប្រហែលជាអន្តរាយរួចស្រេចទៅហើយក្រោមរបៀបវារៈនយោបាយស្តីពីការកាត់ទោសខ្មែរក្រហម

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសសន្និសីទ អន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ បានគូសបញ្ជាក់ថា បើកម្ពុជាមិនគ្រប់គ្រងអធិបតេយ្យរបស់ខ្លួន និងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ យើងប្រហែលជាអន្តរាយរួចស្រេចទៅហើយក្រោមរបៀបវារៈនយោបាយ ស្តីពីការកាត់ទោសខ្មែរក្រហម ដែលមិនបានគិតទៅដល់ការផ្សះផ្សាជាតិ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថាបើកមហាសន្និបាត សន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលមានបណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «គេបានលើកឡើងដោយលម្អៀងពីការកាត់ទោសខ្មែរក្រហម ប៉ុន្តែគេមិនគិតទៅដល់សន្តិភាពនោះទេ ហើយអ្វីដែលគួរឱ្យសោកស្តាយ គេបានបង្កើតសង្គ្រាមនៅក្នុងប្រទេសកម្ពុជា គេបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ តែដល់ពេលកាត់ទោសគេជំរុញឱ្យយើងកាត់ទោសដោយមិនគិតទៅដល់ផលវិបាក ដែលនឹងកើតឡើងដោយការកាត់ទោសនោះទេ»។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា សម្តេចបានធ្លាប់ប្រាប់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិយ៉ាងច្បាស់ៗថា សម្ដេចសុខចិត្តឱ្យតុលាការនេះបរាជ័យ តែសម្ដេចមិនឱ្យប្រទេសរបស់សម្ដេចកើតសង្គ្រាមឡើយវិញនោះទេ។ សម្តេចតេជោបានបន្ដថា ការរួមចំណែករបស់បរទេសណាមួយក្នុងក្របខ័ណ្ឌជាអង្គការក្នុងតំបន់ក្តី ឬរហូតដល់អង្គការសហប្រជាជាតិក្តី កុំភ្លេចភាពជាម្ចាស់នៅក្នុងប្រទេសរបស់ខ្លួន ។ សម្តេចតេជោគូសបញ្ជាក់បន្ថែមថា៖ «ពិតមែនហើយ យើងត្រូវបំពេញនូវស្តង់ការ ប៉ុន្តែសួរថាអ្វីទៅជា ស្តង់ដារ។ នៅលើលោកិយនេះស្តង់ដារមានតែក្នុងវិស័យកីឡាតែប៉ុណ្ណោះ គ្មានទេនៅក្នុងនយោបាយ ហើយក៏គ្មានទេនៅក្នុងទិដ្ឋភាពផ្សេងៗ។ មានតែកីឡាមូយគត់ដែលមានស្តង់ដារពិតប្រាកដ ប៉ុន្តែនយោយគ្មានទេស្តង់ដារ ពីប្រទេសមួយទៅប្រទេសមួយមានកម្រិតគ្រប់គ្រងខុសៗគ្នា។»

ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា សន្តិភាពក៏បានតម្រូវឱ្យមានការសម្រុះសម្រួលផ្នែកនយោបាយផងដែរ។ ការផ្សះផ្សារជាតិតម្រូវឱ្យយើងមានសមាហរណកម្មរបស់ខ្មែរក្រហម និងបងប្អូនខ្មែរក្រហមទៅក្នុងសង្គមជាតិដើម្បីសម្រេចបានដែលផ្តោតលើតម្រូវការសុខដុមមនុស្សជាតិមូលដ្ឋានសម្រាប់អតីយុទ្ធជន និងមេដឹកនាំខ្មែរក្រហម៕