សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសទាំងអស់ត្រូវអនុវត្តន៍នូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដើម្បីលើកកម្ពស់និងគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញប្រទេសទាំងអស់ត្រូវអនុវត្តន៍នូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដើម្បីលើកកម្ពស់និងគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬឈានដល់ការផ្លាស់ប្តូររបប ដោយមធ្យោបាយដែលមានលក្ខណៈមិនប្រជាធិបតេយ្យ។

ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ មូលបទ ៖ ការស្វែងរកសន្តិភាព និងការផ្សះផ្សា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការកេងប្រវញ្ចនយោបាយក្នុងប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការបន្តុះបង្អាប់ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់ទណ្ឌកម្មដោយឯកតោភាគី លើប្រទេសដែលមិនគោរពតាមរបៀបវារៈនយោបាយណាមួយ មិនគួរក្លាយជាទំនៀមទម្លាប់ដែលអន្តរជាតិទទួលស្គាល់នោះទេ ។

ក្នុងនាមជាជនរងគ្រោះនាពេលកន្លងមក ដោយសារឥរិយាបថនយោបាយនិងទំនាក់ទំនងអន្តរជាតិពិសពុលបែបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានជំហររឹងមាំ ម៉ឺងម៉ាត់ក្នុងការការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍ ប្រឆាំងនិងកម្លាំងអមិត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដើម្បីរក្សាសន្តិភាពនិងបណ្តុះនូវបរិយាកាសនៃការផ្សះផ្សា ការកសាងសាមគ្គីភាព តាមរយៈការជំរុញឱ្យមានការយល់ដឹងរួមគ្នា គឺមានសារៈសំខាន់ជាងពេលណាទាំងអស់ លើបញ្ហាសំខាន់ៗ ជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការផ្សះផ្សា ពោលគឺការប្តេជ្ញាចិត្តចំពោះគោលការណ៍និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលសង្កត់ធ្ងន់លើការមិនជ្រៀតជ្រែកអធិបតេយ្យភាព សមភាព និងការគោរពគ្នាទៅវិញទៅមក៕