យោងតាមការសិក្សារបស់ស្ថាប័ន Mekong Strategic Partners បង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជានឹងអាចក្លាយជាប្រទេសទទួលបានប្រយោជន៍ធំធេងជាងគេពីការផ្លាស់ប្តូរប្រជាសាស្ត្រនៅក្នុងតំបន់ ដោយប្រជាជនវ័យក្មេងពោរពេញដោយថាមពល និងលទ្ធភាពការងារ នឹងមានកំណើនប្រមាណ ២៤ ភាគរយ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈវៀតណាមនឹងមានកំណើនត្រឹមតែ ១ ភាគរយ ប៉ុន្តែថៃត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ២៣ ភាគរយ ហើយចិននឹងធ្លាក់ចុះ ២២ ភាគរយ។
ប្រភពដដែលអធិប្បាយថា ២០ ឆ្នាំទៅមុខទៀតនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងតំបន់ ត្រូវបានធានា និងពឹងផ្អែកលើកត្តាប្រជាសាស្ត្រ។ ទន្ទឹមនេះ មនុស្សកាន់តែច្រើនក្នុងតំបន់នឹងឈានទៅចូលក្នុងក្រុមអាយុ ៣០-៤៩ ឆ្នាំ ដែលជាក្រុមមួយមានតម្រូវការ និងជំរុញការប្រើប្រាស់ មានតម្រូវការឥណទានក្នុងប្រព័ន្ធសេដ្ឋកិច្ច។ សម្រាប់ប្រទេសកម្ពុជា កំណើនពលកម្មវ័យក្មេងនៅប្រទេសនឹងក្លាយជាគោលដៅផលិតកម្មដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគកាន់តែខ្លាំងឡើង ជាពិសេសសម្រាប់សកម្មភាពដែលពឹងផ្អែកលើកម្លាំងពលកម្ម។
ត្រឡប់និយាយពីកម្ពុជាវិញ បច្ចុប្បន្ន ក្នុងចំណោម ប្រជាជនសរុប ចំនួន ១៦ លាន នាក់ មានជាង ៦០% មាន អាយុ ក្រោម ៣៥ ឆ្នាំ។ ជាមួយនឹងអត្រាចូលរួមកម្លាំងពលកម្មប្រមាណ ៨០% កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង និងសកម្មដែលអាចបម្រើគ្រប់វិស័យរបស់អាជីវកម្ម ឬជំនួញរបស់វិនិយោគិន។ អត្រាអក្ខរកម្មនៅកម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយឈានដល់ជិត ៩០% ក្នុងឆ្នាំ២០១៩។ ចាប់តាំងពីឆ្នាំ២០០៨ មក អត្រាមានការងារធ្វើបានកើនឡើងដោយមានវិស័យឧស្សាហកម្មគាំទ្រ។ ។
ជាមួយនឹងការសិក្សានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់AMS ថា កត្តាមនុស្ស និងបច្ចេកវិទ្យាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច។ គេឃើញថា ថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតែធ្វើជំរឿន និងស្ថិតិប្រជាពលរដ្ឋរៀងរាល់ ៥ ឆ្នាំម្តង ហើយមានការណែនាំពីថ្នាក់ដឹកនាំក្នុងការបង្កើនធនធានមនុស្ស ជាពិសេសចំនួនប្រជាជនឱ្យមានកំណើនចន្លោះពី ២០ ទៅ ៣០ លាននាក់ ដូច្នេះ ប្រទេសអាចមានធនធានកាន់តែច្រើន និងកម្លាំងយុវជនវ័យក្មេងកាន់តែច្រើន។
អ្នកឧកញ៉ា លឹម ហេង បន្តថា កម្លាំងពលកម្មវ័យក្មេងចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំ គឺជាធនធានមនុស្សជួយជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែក៏ត្រូវទាមទារការណែនាំដោយអ្នកជំនាញនិងបំពាក់បំប៉នជាមួយជំនាញឱ្យបានច្បាស់លាស់។ ការដែលមានកម្លាំងពលកម្មយុវជនវ័យក្មេងកាន់តែច្រើននៅក្នុងប្រទេស គឺជាកត្តាដ៏សំខាន់មួយក្នុងការទាក់ទាញអ្នកវិនិយោគ ព្រោះកម្លាំងពលកម្ម និងកត្តាបណ្តុះបណ្តាលធនធានមនុស្សទៅលើក្រុមយុវជនវ័យក្មេងគែជារឿងចាំបាច់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥ លាននាក់ ដែលជាចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ។គោលដៅនេះដើម្បីឱ្យយុវជនក្រុមគោលដៅឆាប់ទទួលបានឱកាសការងារសមរម្យក្នុងរយៈពេលខ្លីនៅលើទិសដៅកែប្រែ និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរ តាមរយៈយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ៕