អតីតកម្មការីនីរោងចក្រកញ្ញា ថេម លក្ខិណា ជាសិស្សវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ចង់បានជំនាញផ្ទាល់ខ្លួន និងចាប់យកឱកាសបើកមុខរបររកស៊ីខ្លួនឯង ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
កញ្ញា ថេម លក្ខិណា បាននិយាយថា កត្តាដែលជំរុញទឹកចិត្តឱ្យនាងចុះឈ្មោះចូលសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនេះ ដោយគិតថា ខ្លួនបានចំណាយពេលវេលាជាច្រើនឆ្នាំធ្វើជាកម្មកររោងចក្រ ហើយជីវភាពរបស់នាងសមល្មម ប៉ុន្តែនាងចង់ផ្លាស់ប្តូរការងារដោយចង់ធ្វើការងារដោយប្រើប្រាស់សមត្ថភាពជំនាញវិញ។
កញ្ញាបានសម្រចចិត្តស្វែងរកឱកាសសិក្សាជំនាញបន្ថែមពីកម្មវីធីបណ្ដុះបណ្ដាល TVET ហើយក៏បានចុះឈ្មោះសិក្សាយកជំនាញវិទ្យាកុំព្យូទ័រ និងក្រាហ្វិចឌីសាញ់ (Graphic Design)។ ក្រោយពីសិក្សាបានរយៈពេល ៤ខែ កញ្ញាមានអារម្មណ៍ជឿជាក់លើខ្លួនឯងកាន់តែខ្លាំង និងអាចមានលទ្ធភាពក្នុងការរកស៊ីផ្ទាល់ខ្លួន។
នៅក្នុងអំឡុងពេលសិក្សានៅសាលាបច្ចេកទេស កញ្ញាបានប្រឹងប្រែងសិក្សារៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំទាក់ទងការបង្ហាត់បង្រៀនជំនាញបច្ចេកទេសកុំព្យូទ័រ និងក្រាហ្វិចឌីសាញ់។
កញ្ញា លក្ខិណា បាននិយាយថា៖«ពេលនេះ ខ្ញុំមានជំនាញដែលអាចប្រើប្រាស់បង្កើតមុខរបរផ្ទាល់ខ្លួនមួយសមរម្យ ហើយវាមិនមានការប្រើប្រាស់កម្លាំងពលកម្មច្រើនដូចធ្វើការងាររោងចក្រទេ។ ពោលគឺ ខ្ញុំអង្គុយធ្វើការងារនៅខាងមុខកុំព្យូទ័រ ដោយប្រើប្រាស់ចំណេះជំនាញរបស់ខ្ញុំដែលបានសិក្សាកន្លងមកនេះ»។
កញ្ញាបានលើកទឹកចិត្តឱ្យយុវជនផ្សេងទៀត គួរតែប្រឹងស្រវ៉ាចាប់យកឱកាសសិក្សារៀនសូត្រជំនាញបច្ចេកទេសបន្ថែម ព្រោះខ្លួនជាយុវជនមានអនាគតវែងឆ្ងាយ ហើយគួរតែមានជំនាញបច្ចេកទេសជាគោលដ៏សំខាន់មួយនៅក្នុងខ្លួន។ ជំនាញនេះ នឹងជួយកែប្រែឆាកជីវិតយុវជនឱ្យមានការផ្លាស់ប្ដូរមួយរំពេចន៍៕