ដោយមានការយកចិត្តទុកដាក់ជាប្រចាំពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស។
ជាក់ស្តែង នៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្ត្រ សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធផល វិភាគបឋមទៅលើខ្ញីហាន់ និងទឹកត្រាំខ្ញី ពុំទាន់កំណត់រកឃើញវត្តមាន Sodium Hydrosulfite នៅឡើយ។ យ៉ាងណាក៏ដោយ ក្រុមការងារបានយកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។
ក្នុងប្រតិបត្តិការនេះ ក្រុមមន្ត្រីជំនាញបានរកឃើញទីតាំងមួយកន្លែង មានសារធាតុគីមីគ្មានស្លាកសញ្ញាជាម្សៅស ចំនួន៨៥ គ.ក. និងសាជូរ ចំនួន២៨បាវ ស្មើនឹង ៨៣០គ.ក. សម្រាប់យកទៅប្រើប្រាស់លាយជាមួយទឹក និងដាក់ខ្ញីហាន់រួចត្រាំជាមួយ មុននឹងចែកចាយ។ តាមការវិភាគបឋមទៅលើគំរូម្សៅស បង្ហាញថា គឺជាសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ។ ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។
តាមការអះអាងពីម្ចាស់ទីតាំងខាងលើគឺសារធាតុគីមីទាំងនេះគាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។
ជាវិធានការ មន្ត្រីជំនាញបាន៖
⁃ ដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ៨៥គ.ក. យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានីភ្នំពេញ
⁃ ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រចំនួន ៣ធុង សរុបប្រមាណ ២៥០គ.ក.
– ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវសារធាតុសាច់ជូរចំនួន ៨៣០គ.ក. ដើម្បីតាមដានអំពីគោលដៅប្រើប្រាស់ និងត្រូវមានច្បាប់អនុញ្ញាតក្នុងករណីប្រើជាសារធាតុបន្ថែមក្នុងម្ហូបអាហារ។
⁃ យកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ រយៈពេលជាយូរអង្វែង។ ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ (១). 0២៣ ២៣១ ៨៥៦ និង(២). 0៩២ ៨៣០ ៨៥៦ ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF