រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសាងសងស្ពានបេតុងមួយប្រវែង២៥ម៉ែត្រជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង

0

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងដើម្បីសាងស្ពានបេតុងថ្មីមួយប្រវែង២៥ម៉ែត្រជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដែលជំនួសឱ្យស្ពានឈើចាស់ ដែលបានពុកផុយ រងការខូចខាត និងគ្មានសុវត្ថិភាព។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្ថានទូតជប៉ុន រាជធានីភ្នំពេញ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង, លោក សួង ហ៊ី អភិបាលនៃគណ:អភិបាល ស្រុក សៀមបូក និង លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូល រួមពិធី ចុះហត្ថ លេខា ជាមួយ លោក តានិណៃ អ៊ុំឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុន ប្រចាំព្រះរា ជាណាចក្រ កម្ពុជាលើជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដើម្បីសាង សង់ស្ពានបេតុងថ្មី ១កន្លែង ប្រវែង ២៥ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ស្ថិតនៅឃុំអូរម្រះ ស្រុក សៀមបូក ខេត្តស្ទឹងត្រែង ដោយប្រើប្រាស់ថវិកាចំនួន ១៦៨ ២៧៦ ដុល្លារអាមេរិក។

គម្រោងសាងសង់ស្ពានបេតុងថ្មីនេះ គឺដើម្បីជំនួសឱ្យស្ពានឈើចាស់ ដែលបានពុកផុយ រងការខូចខាត និងគ្មានសុវត្ថិភាព ដោយសារចំនួនរថយន្តធុនធ្ងន់ឆ្លងកាត់ច្រើន បណ្ដាល ឱ្យមានការបាក់ស្រុត ជាហេតុបង្កឱ្យមានការលំបាកជាច្រើនដល់ប្រជាជនក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលារៀន កន្លែងធ្វើការ មន្ទីរពេទ្យ ជាពិសេសការ ដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋទូទៅ ។

ស្ពានបេតុងថ្មីនេះ នឹងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងសម្រាប់សកម្មភាពសេដ្ឋកិច្ច ព្រោះស្ពាននេះជាបណ្ដាញតភ្ជាប់ផ្លូវនៃតំបន់សេដ្ឋកិច្ចទី១ ដែលខេត្តស្ទឹងត្រែងបានកំណត់ ក្នុងនោះក៏បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ២ ៨០០ នាក់ ក្នុងភូមិចំនួន៤ ស្ថិតនៅជុំវិញភូមិសាស្ដ្រខាងលើ តាមរយៈការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើ រប្រកបដោយសុវត្ថិភាព ដើម្បីទទួលបានសេវាសាធារណៈល្អប្រសើរ ទាន់ពេលវេលា សកម្មភាពដឹកជញ្ជូនកសិផល និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល ដែលជាការរំពឹងថានឹងជួយកែលម្អ និងលើកកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ របស់ប្រទេសជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិ ច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ៕

ប្រភព៖ AKP