ADB ​ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០២៤​ នៅ៦,០% ខណៈ​ឆ្នាំ២០២៣​នេះ នឹងទាបជាងការព្យាករណ៍ពីដើមឆ្នាំបន្តិចគឺមកត្រឹម៥,៣%

0

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករណ៍​ពីដើមឆ្នាំ​បន្តិចគឺមកត្រឹម៥,៣% ពី៥,៥% ជាចម្បងគឺដោយសារ​តែ​កំណើន​​វិស័យឧស្សាហ​កម្មយឺត​ជាង​ការរំពឹងទុកនៅក្នុងឆមាសទីមួយនេះ ខណៈ ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា​ឆ្នាំ២០២៤ បានរក្សានៅ៦,០%ដដែល។ នេះបើយោងតាមការធ្វើ​បច្ចុប្បន្ន​ភាព​ ​នៃរបាយ​ការណ៍​សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

ក្នុងរបាយការណ៍បានឱ្យដឹងថថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា​ឆ្នាំ២០២៣​កត់សម្គាល់ថាការនាំចេញសម្លៀក​បំពាក់ស្បែកជើងនិងទំនិញ​ធ្វើដំណើរបាន​ធ្លាក់​ចុះ​១៨,៦% ឆ្នាំលើឆ្នាំក្នុងឆមាសទី១​នៃឆ្នាំ២០២៣។​ ការធ្លាក់ចុះនេះ​ត្រូវបានប៉ះប៉ូវមួយ​ផ្នែកដោយកំណើន២២,៩% នៃការនាំចេញផលិតផលកម្មន្តសាលក្រៅ​ពីវិស័យកាត់ដេរ​ មានជាអាទិ គ្រឿងបន្លាស់រថយន្តបន្ទះស្រូបពន្លឺព្រះអាទិត្យនិងគ្រឿងសង្ហារឹមជាដើម។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាមានប្រសាសន៍ថា ការរំពឹង​ទុក​ចំពោះភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗ​ដែលមានការ​ជឿន​លឿន​ត្រូវបានរំពឹងថានឹងជំរុញការនាំចេញ​របស់​​​កម្ពុជាសម្រាប់ឆមាសទី២​ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុង​ស្រុក​​បានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏​ដោយ។ លោកស្រីបញ្ជាក់ថា៖ «វិស័យសេវាកម្មចូលរួមចំណែកធំជាងគេ​ចំពោះកំណើន​សេដ្ឋកិច្ចឆ្នាំនេះដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ជាពិសេសដោយសារការ​ងើប​ឡើងវិញខ្លាំងនៃវិស័យទេសចរណ៍​»។

របាយការណ៍នេះបានបង្កើនការព្យាករណ៍កំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ពី៧,៣% ទៅ៨,០%។ការព្យាករណ៍សម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបាន​បន្ថយពី៥,៨% មក៤,៨% ហើយ​ការ​ព្យាករ​​ណ៍សម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១,១% ទៅ០,៩%។ របាយការណ៍នេះរក្សា​ការព្យាករណ៍​អតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត៣,០% និងឆ្នាំក្រោយនៅកម្រិត៤,០%។ ចំពោះឱនភាព​ពាណិជ្ជកម្មអន្តរជាតិដែល​មាន​ភាពប្រសើរ​ឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួមឱនភាពគណនីចរន្ត។

បើតាមរបាយការណ៍ដដែលបានបន្ថែមថា ហានិភ័យសម្រាប់ទស្សនវិស័យ​នេះ​រួមមាន​កំណើនសេដ្ឋកិច្ច​ខ្សោយនៃបណ្តាប្រទេសជឿន​លឿនការមកដល់នៃភ្ញៀវទេសចរ​និងលំហូរវិនិយោគផ្ទាល់ពីបរទេសតិចការអូសបន្លាយនៃការរឹតបន្តឹង​ស្ថានភាពហិរញ្ញវត្ថុ​ជាសកលការកើនឡើងតម្លៃថាមពលក្តីបារម្ភអំពីបំណុលឯកជនដែល​មានកម្រិតខ្ពស់​និងអំពីស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុកនិង​ អាកាសធាតុដែលកាន់តែអាក្រក់​ដោយសារការ​ប្រែប្រួលបរិយាកាសផែនដី។

សូមជម្រាបជូនថា ការវិនិយោគលើគម្រោងរបស់ ADB នៅកម្ពុជាមានតម្លៃសរុប​២,៤ពាន់លានដុល្លារ ហើយការ​ផ្តល់​ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ មានប្រមាណ៣៥០លានដុល្លារ។ធនាគារ​អភិវឌ្ឍន៍អាស៊ី​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូប្រចាំ​ប្រទេស​ថ្មី​របស់ខ្លួនសម្រាប់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ២០២៤-២០២៨៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា