ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះគេឃើញ តាចម្រៀងសំនៀងផ្អែម ម៉េង កែវពេជ្ជតា បានព្យាយាមជជីកកកាយរឿងក្នុងចិត្តរបស់ខ្លួន ដោយលើកឡើងថា មានជំទាវពីរនាក់ បានធ្វើឲ្យខ្លួនព្រាត់ប្រាស់ប្តីមានស្រីថ្មី និងបង់ទ្រព្យអស់ពីខ្លួន រស់វេទនាស្ទើស្លាប់ ខណៈដែលជំទាវពីរនោះ បានព្យាយាមកាងឲ្យ ប្រធានសិល្បករ ចន ចាន់លក្ខិណា ប្តឹងទៅលើស្រី ថែមទៀតផង។
នៅរសៀលនេះ អ្នកនាង ម៉េងកែវពេជ្ជតា បានសរសេរ នៅលើបណ្តាញទំនាក់ទំនងសង្គម ថា ៖
សារទៅកាន់អ្នកទាំងប្រាំដែលព្រួតគ្នាធ្វើបាបខ្ញុំម្នាក់ ! វគ្គ១
ខ្ញុំមិននឹកស្មានថា មនុស្សចាស់ដែលខ្ញុំខំគោរពស្មើរម្តាយបែរជានៅតាមព្យាបាទខ្ញុំម្តងហើយម្តងទៀតយ៉ាងនេះសោះ ។
រំលឹកកាលពីជាង១០ឆ្នាំមុន ព្រោះតែលោកជំទាវទាំងពីរដែលជួយចូកជួយចែវធ្វើចៅមហាមេបាអោយមួងឃីម យកស្រីថ្មីនៅនឹងមុខខ្ញុំ និងបានលូកដៃក្នុងការលែងលះរបស់ខ្ញុំនោះហើយ ទើបខ្ញុំនិងកូនពីរនាក់ត្រូវបាត់បង់ទ្រព្យរលីងពីខ្លួនរសាត់អណ្តែតរស់ទាំងវេទនាស្ទើរស្លាប់ មិនតែប៉ុណ្ណោះ លោកជំទាវដ៏មានសប្បុរស នៅបានផ្ញើពាក្យមួលបង្កាច់យ៉ាងថោកទាបអោយខ្ញុំស្ពាយមកជាមួយទាំងមិនដឹងខ្លួនស្ទើរពាក់កណ្តាលជីវិត ។
អ្នកនាង ម៉េងកែវពេជ្ជតា បានបន្តថា ពេលវេលាជាង១០ឆ្នាំស្មានតែអាចកែប្រែចិត្តលោកជំទាវទាំងពីរបានហើយ តែមិនអញ្ចឹងទេ លោកជំទាវទាំងពីរនៅតែធ្វើចិត្តដាច់ដាក់ម្តាយកូនយើងដោយគ្មានមេត្តាដដែល ។ ជាក់ស្តែងប៉ុន្មានថ្ងៃនេះលោកជំទាវទាំងពីរក៏បានចេញមុខកាន់ជើងមនុស្សចិត្តពាលយ៉ាងលំអៀង និងធ្វើជាជើងកាង ជួយជ្រោមជ្រែង អោយប្រពន្ធចុង មួង ឃីម និងស្រីឥតកេរ្ត៍ខ្មាសពស់វែកក្បាលពីរ ចន ចាន់លក្ខិណា មកប្តឹងខ្ញុំ ។
អ្នកនាង ម៉េងកែវពេជ្ជតា បានចោទជាសំនួរទៅកាន់ មនុស្សពីរនាក់ថា តើលោកជំទាវទាំងពីរនៅស្រេកឃ្លានចង់បានអ្វីទៀត ? តើការបាត់បង់របស់ខ្ញុំទាំងប៉ុន្មានកន្លងមកក្រោមស្នាដៃឫស្យារបស់លោកជំទាវទាំងពីរ វានៅស្ទើរមិនទាន់គ្រប់គ្រាន់សមចិត្តលោកជំទាវទេមែនទេ ? ? ?
ទោះបីជាយ៉ាងណារឿងនេះមិនទាន់ចប់មិនទាន់ហើយ ក្រោយអូសបន្លាយវែកញែកប៉ុន្មានថ្ងៃ នូវរឿងរ៉ាវកប់ក្នុងចិត្ត របស់អ្នកស្រី ដោយប្រិយមិត្តអ្នកតាមដានសង្គមសិល្បៈ កំពុងតាមដានថា តើរឿងនេះ វានឹងចប់ស្រេចបាច់នៅពេលណា ?