ភ្នំពេញ៖ រូបសំណាកសត្វប្រើសពីរក្បាល ដែលបានដាក់តាំងនៅទីស្តីការក្រសួងបរិស្ថាន ជាសត្វប្រើសដែលព្រានព្រៃបានបាញ់ ក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ ហើយបានរត់មកស្លាប់នៅក្នុងភូមិ របស់ប្រជាពលរដ្ឋនៅក្បែរនោះកាលពីឆ្នាំ២០១៩កន្លងទៅ។ គេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានរៀបរាប់ យ៉ាងលម្អិតថា អ្នកស្រុករួមនឹងព្រះសង្ឃបានធ្វើពិធីបុណ្យសាសនា ឧទ្ទិសកុសលដល់សត្វប្រេីសទាំងពីរក្បាលនេះដែល ប្រើសនីមួយៗមានទម្ងន់ជាង ២០០ គីឡូក្រាម។
មន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា ធ្វើសំណាកសម្រាប់ប្រើប្រាស់ ក្នុងការអប់រំផ្សព្វផ្សាយ អំពីការអភិរក្សសត្វព្រៃ នៅប្រទេសកម្ពុជាដល់ក្មេងៗជំនាន់ក្រោយឲ្យបានស្គាល់ និងចេះស្រឡាញ់សត្វព្រៃ។
ប្រើស ឬ ប្រើសស្បូវ ហើយឈ្មោះជាភាសាអង់គ្លេសថា SAMBAR ឈ្មោះវិទ្យាសាស្រ្ត (Cervus unicolor) ជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើស ដែលមានមាឌធំជាងគេ។ នៅលើដងខ្លួនមានរោម ប្រផេះស្ទើរក្រមៅ និងកមានរោមក្រាស់វែង។ កន្ទុយរបស់វាខ្លីសំពោងពណ៌ក្រមៅ និងរស់រវើក ជា និច្ចពេលរកចំណីហើយ វាមានស្លឹកត្រចៀកធំ។ ស្នែង ប្រើសឈ្មោលពេញវ័យមានប្រវែងពី៥០ – ១០០ សង់ទីម៉ែត្រ ដែលជាទូទៅមានខ្នែងម្ខាងៗចំនួនបី មួយនៅជាប់នឹងគល់ និងពីរទៀតនៅខាងចុង។
ប្រើសជាសត្វដែលអាច រស់នៅគ្រប់ជម្រកទាំងអស់រួម ទាំងព្រៃស្រោង និងព្រៃរបោះ ។ វារកស៊ីពេលព្រលឹម និងពេលព្រលប់ហើយសម្រាក ពេលថ្ងៃនៅតាមព្រៃក្រាស់ៗ ។ ចំណីរបស់វាមានដូចជាស្លឹកឈើ ចុងមែក ឈើតូចៗ ផ្លែឈើ និងស្មៅ ។ល។ ប្រើសក៏ចូលចិត្តស៊ី ដីច្រាបជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែង ។
ជារៀងរាល់ឆ្នាំ ប្រើសតែងជម្រុះ ស្នែងចាស់ចោលនៅចន្លោះខែកក្តដា ដល់ខែកញ្ញា ។ នៅរដូវបន្តពូជ ប្រើសឈ្មោលតែងតែជល់គ្នាយកឈ្នេះ ដើម្បីគ្រប់គ្រងតំបន់ ដើម្បីពាក់ញីនៅក្នុងហ្វូងរហូតដល់ ៨ក្បាល។ ប្រើសញីកើតកូនម្ដងតែ១បន្ទាប់ពីពពោះរយៈពេល ៨ខែ។ វាមានវត្តមាន នៅភូមិភាគខាងជើងនិរតី និងភូមិភាគឦសាននៃប្រទេសកម្ពុជា ។ គេក៏បានរកឃើញងផងដែរ នៅប្រទេសឥណ្ឌា ប្រទេសចិន និងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ រួមទាំងកោះស៊ូម៉ាត្រា កោះចារ៉ា និងបូនេអូរ។ វាជាប្រភេទ ស្ថិតក្នុង ក្រុមដែលងាយរងគ្រោះថ្នាក់ ។
ប្រភេទនេះ កំពុងទទួលរងគ្រោះថ្នាក់ ដោយសារការបរបាញ់យក សាច់ ស្នែង ស្បែក និង ឆ្អឹង ដើម្បីធ្វើពាណិជ្ជកម្ម ។ ដូចនេះហើយវាត្រូវបានចុះក្នុងបញ្ជីក្រហម (IUCN) ជាប្រភេទអាស្រ័យ លើកិច្ចអភិរក្ស នៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ ៕