ភ្នំពេញ៖ តារាចម្រៀងរ៉េប នេន ទុំ ត្រូវបានមិត្តភក្តិក្នុងសិល្បៈដូចគ្នា ទម្លាយឲ្យដឹងថា បានជួបនូវគ្រោះថ្នាក់ចរាចរណ៍ ដោយបុកសត្វក្របីមួយក្បាល ក្នុងដំណើរចេញពីរាជធានី ទៅកាន់ខេត្តដើម្បីថត MV ។ ហេតុការណ៍នេះបានកើតឡើង នាយប់ថ្ងៃទី១១ ខែ មិនា ឆ្នាំ ២០២០ ។
នៅលើផេក វីជេ ដាដា បានសរសេរលើគណនីយ Facebook ផ្ទាល់ខ្លួនលោក ថា« សំឡាញ់របស់លោក បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តម៉ាកឡិចស៊ីសរបស់លោកបុកជាមួយនឹងក្របី នៅលើកំណាត់ផ្លូវជាតិលេខ៤ គ្រាដែលតារាចម្រៀង នេទុំ នឹងក្រុមការងារ ធ្វើដំណើរទៅ កំពង់សោម ដើម្បីថតMV»។
ប្រភពថា នេនទុំ បានចេញដំណើរពីភ្នំពេញ នៅម៉ោងប្រមាណ៨ យប់ ក្នុងគោលបំណងទៅថតMV ជាមួយក្រុមការងារ ៣ទៅ៤នាក់ផ្សេងទៀត ហើយនៅម៉ោងប្រហែលជាង១រំលង អាធ្រាត្រ ពេលធ្វើដំណើរហួស យាយម៉ៅបន្តិច ក៏បានជួបគ្រោះថ្នាក់តែម្ដង ដោយរថយន្តរបស់លោក បុកជាមួយក្របី១ក្បាល បណ្ដាលឲ្យក្របីនោះស្លាប់ភ្លាមៗនេះកន្លែងកើតហេតុ ចំណែករថយន្តបានរងការខួចខាត ខ្ទេចផ្នែកខាងមុខ រីឯមនុស្សក្នុងរថយន្តរងរបួស ធ្ងន់នឹងស្រាល ប៉ុន្តែមិនបណ្ដាល គ្រោះថ្នាក់ដល់ជីវិតឡើយ។
ពាក់ព័ន្ធស្ថានភាព របស់ នេន ទុំ យ៉ាងណា នោះ ខាងស្ថាប័នយើងមិនទាន់អាចទាក់ទងសាមីខ្លួនបានឡើយ៕


