ភ្នំពេញ៖បន្ទាប់ពីផ្ទុះនូវព័ត៌មាននៃការប្រើហិង្សាលើតារាចម្រៀងវ័យក្មេងនិងជាម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី១កុមារា ពេជ្រ ថៃ ដែលត្រូវបានក្រុមសិស្សសាលាទំនើងរៀននៅវិទ្យាល័យមោងឬស្សីព្រួតគ្នាវាយរហូតជនរងគ្រោះ(ពេជ្រ ថៃ )ប្រកាសមានចំណាត់ការប្តឹងនោះលោក ហេង ឡុង បានបញ្ចេញមតិដោយស្នើរសុំកុំឲ្យមានការប្តឹងផ្តល់ព្រោះនេះជាករណីតិចតូចបំផុត។
លោក ហេង ឡុង បានបញ្ជាក់ថាតាមយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំមិនចង់ឲ្យក្មួយ ពេជ្រ ថៃ ប្ដឹងផ្ដល់ជនបង្កទេពីព្រោះរបួសស្នាមតិចតុចហើយក្មួយគឺជាសិល្បករល្បីមួយរូបគួរតែមានចិត្តសន្ដោសច្រើនជាងមនុស្សធម្មតា។លោកថាទង្វើរនេះគ្រាន់តែធ្វើការសុំទោសពីសាមីខ្លួននិងកិច្ចសន្យាកែខ្លួនដឹងឮពីអាណាព្យាបាលគឺជាការល្អហើយ។
លោកបាននិយាយបន្ថែមទៀតថានាយកសាលាមិនគួរបណ្ដោយឲ្យមានវប្បធម៌បងធំនៅក្នុងសាលាឡើយខ្ញុំមិនជឿថាលោកគ្រូ អ្នកគ្រូដែលជានាយកសាលាមិនដឹងរឿងបងតូចបងធំនៅក្នុងសាលារបស់ខ្លួនឡើយ។សូមជម្រាបថាម្ចាស់ពាន The Voice Kids Cambodia ពេជ្រ ថៃ ថ្មីៗនេះបានធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជុំវិញអំពើហិង្សាត្រូវសិស្សវិទ្យាល័យមោងឫស្សីដូចគ្នាព្រួតវាយបណ្តាលឲ្យរបួសសើរស្បែក។
ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៩ និង០៥នាទីព្រឹ ថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២០ខណៈមកដល់ថ្ងៃនេះសាមីខ្លួនបានបញ្ជាក់ប្រាប់ពីស្ថានភាពជាក់ស្ដែងហើយ ដោយរូបគេមិនត្រូវអ្វីធ្ងន់ធ្ងរឡើយ។ចំពោះដើមហេតុកើតចេញពីមិត្តរួមថ្នាក់ខ្លួនស្ដោះទឹកមាត់ដោយការឈឺក ប៉ុន្តែស្របពេលនោះស្រាប់តែមានសិស្សមួយក្រុមផ្សេងទៀតបានលោតចូលមកវ៉ៃទាំងកម្រោលដោយមិនដឹងមូលហេតុតែម្ដងនិងត្រូវចំខ្លួនថែមទៀតផង។
ចំពោះការប្ដឹងផ្ដល់នោះពុំទាន់មាននៅឡើយទេដោយសារពេលនេះលោកគ្រូ និងភាគីបង្កហេតុកំពុងសម្របសម្រួលគ្នានៅឡើយក្នុងនោះជនបង្កក៏ទទួលស្គាល់ថារូបគេពិតជាបានវាយលើ ពេជ្រ ថៃ មែនប៉ុន្តែករណីនេះគឺកើតឡើងដោយអចេតនាប៉ុណ្ណោះ៕ តារារស្មី