ភ្នំពេញ៖តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេនាយ ចឺមដែលកាលពីថ្មីៗនេះបានរងនូវអំពើហិង្សាបណ្តាលឲ្យរបួសបែកក្បាលចំនួន៥ថ្នេរខណៈហេតុការណ៍នេះគឺបង្កឡើងដោយជនដៃដល់ឈ្មោះ ង៉ែត លីទី ជាអតីតកីឡាករបាល់ទាត់នោះពេលនេះជនរងគ្រោះទទួលបានសំណងជំងឺចិត្តចំនួន៨ពាន់ដុល្លារពីភាគីជនបង្កហើយ។
ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានបញ្ជាក់ថាពេលនេះជនរងគ្រោះនាយ ចឺម ទទួលបានភាពយុត្តិធម៌ហើយគឺសំណងជំងឺចិត្តចំនួន៨ពាន់ដុល្លារពីខាងភាគីបង្កឈ្មោះ ង៉ែត លីទី ។ចំណែកឯទោសព្រហ្មទណ្ឌនឹងត្រូវអនុវត្តទៅតាមច្បាប់។
លោក ហេង ឡុង បានឲ្យដឹងដូច្នេះថាសូមអបអរសាទរគូជម្លោះរវាងកីឡាករ ង៉ែត លីទី និង តារាចម្រៀង នាយ ចឺម បានបញ្ចប់ជម្លោះនៅមុននេះបន្តិច(ថ្ងៃទី៣០ខែមករាឆ្នាំ២០២០ដោយទទួលបានសំណងរដ្ឋប្បវេណីចំនួន៨ពាន់ដុល្លាររីឯទោសព្រហ្មទណ្ឌនឹងត្រូវអនុវត្តទៅតាមច្បាប់។
សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តប៉ៃលិនទាំងអស់ដែលបានសម្របសម្រួលផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនាយ ចឺម ។
លោកបន្តថាជាពិសេសអរគុណដល់លោកមេធាវី អ៊ូ ឧស្សាហ៍ ដែលបានស្ម័គ្រចិត្តជួយការពារក្តីជូនជនរងគ្រោះ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ខ្ញុំជឿជាក់លើយុត្តិធម៌ ! អរគុណសន្តិភាព ។គូរម្លឹកថាតារាចម្រៀងនាយ ចឺម បានរងអំពើហិង្សាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩បង្កឡើងនៅចំណុចបុរីម្កុតពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន៕ តារារស្មី


