ភ្នំពេញ៖ ដូចការសន្យាទុក តារាចម្រៀង តន់ ចន្ទសីម៉ា តារាចម្រៀងស្រីកំពុងលេចធ្លោដែលកំពុងជ្រកក្នុងផលិតកម្ម Galaxy Navatra បាននាំយកនូវអំណោយច្រើនសន្ធឹក ក្នុងនោះមានអង្ករជាច្រើនការ៉ុង មី ត្រីខ ជាច្រើនកេស ជូនដល់គ្រួសារអ្នកមីងម្នាក់នៅក្នុងទឹកដីខេត្តសៀមរាប ។
ផ្អែកតាមគណនីរបស់តន់ ចន្ទសីម៉ា បានបង្ហោះនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នេះឲ្យដឹងថា «ថ្ងៃនេះនាងខ្ញុំ តន់ ចន្ទសីម៉ា ជាតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra ពិតជារីករាយណាស់ដែលបានយកជំនួយបន្តិចៗបន្តួចជូនដល់ផ្ទះគ្រួសារអ្នកមីងដោយផ្ទាល់ដូចដែលបានសន្យា នៅភូមិខ្នា ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប សង្ឃឹមថាអ្នកមីងនិងគ្រួសាររឹតតែមានភាពធូរស្រាលប្រសើរឡើង ដោយសារកន្លងមកនេះឃើញបងប្អូនយើងមានចិត្តសប្បុរសធម៍បានចូលរួមជួយគ្រួសារអ្នកមីងជាច្រើន ហើយផ្ទះអ្នកមីងកំពុងរស់នៅរាល់ថ្ងៃក៏ជាជំនួយដ៏ថ្លៃថ្លារបស់កាក់បាទក្រហមកម្ពុជាសង់ជូនអ្នកមីងផងដែរ។»
តារាចម្រៀងល្បីខាងលើ បានបន្តថា «ជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្របទចម្រៀងរបស់នាងខ្ញុំ នឹងសូមអរគុណអ្នករួមការងារក្នុងផលិតកម្ម Galaxy Navatraទាំងអស់ ជាពិសេសអរគុណដល់បង យឹម តាស្រង់ ដែលជាអ្នកនិពន្ធ និងជានាយកគ្រប់គ្រងផលិតកម្ម ដែលបានផ្តល់ឱកាសនិងជួយជ្រោមជ្រែងនាងខ្ញុំមកដល់ចំនុចនេះ ពិតជាអរគុណបងណាស់។»
គួរបញ្ជាក់ផងដែរថា នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ នេះកេរ្តិ៍ឈ្មោះរបស់ តន់ ចន្ធសីមា បានលេចធ្លោក្នុងស្រទាប់មហាជន ដែលតាមដាននូវឧស្សាហកម្មកម្សាន្ត ដោយបទមួយៗ ដែលនាងចេញបានទទួលការគាំទ្រ ទស្សនារាប់លាននាក់ ខណៈដែលមានការសម្រិតសម្រាំងបទចម្រៀងពីលោក យឹម តាស្រង់ ៕



