ភ្នំពេញ៖ យុវតី៤រូបនឹងត្រូវបានឃុំខ្លួនបណ្តោះអាសន្នយ៉ាងហោចណាស់ក៏២ខែដែរ បើសិនជាខាងព្រះរាជអាជ្ញាមានឆន្ទៈអនុវត្តច្បាប់ឲ្យ ស្មើភាព យុត្តិធម៌ បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។នេះជាការលើកឡើងរបស់លោកពេជ្រ ស្រស់ នៅរាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅលើគណនីហ្វេសប៊ុករបស់លោក។
ក្នុងនោះដែរលោកពេជ្រ ស្រស់ បានបង្ហាញនូវទម្រង់ច្បាប់ដែលពាក់ព័ន្ធជាមួយហិង្សាដែលសិស្សសាលាទាំង ៤នាក់បានធ្វើទៅលើ សិស្សស្រីម្នាក់ ។
លោកបានបានសរសេរថា ៖
សូមអានក្រមនីតិវិធីព្រហ្មទណ្ឌតទៅ
មាត្រា២១៤
ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងបទមជ្ឈិមទាក់ទង និងអនីតិជនមានអាយុចាប់ពី ១៤ឆ្នាំ ដល់ ក្រោម១៨ ឆ្នាំ ចំពោះអនីតិជនអាយុចាប់ពី១៤ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ និងត្រូវចោទប្រកាន់ពីបទមជ្ឈិមថិរវេលាឃុំ ខ្លួនបណ្តោះអាសន្នមានដូចតទៅ ៖
១-ការឃុំខ្លួនបណ្តោះអាសន្ន គឺមិនអាចលើសពី២ខែបានទេកាលណាអនីតិជនមានអាយុតិចជាង១៦ឆ្នាំ
២-ការឃុំខ្លួនបណ្តោះអាសន្នគឺមិនអាចលើសពី៤ខែបានទេ កាលណាអនីតិជនមានអាយុចាប់ពី ១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ថិរវេលាការឃុំខ្លួនបណ្តោះអាសន្នតាមចំណុចទី១និងចំណុចទី២ខាងលើនេះ មិនត្រូវលើសពីពាក់កណ្តាល នៃអប្បបរមា នៃទោស ដែលច្បាប់បានកំ ណត់សំរាប់អនីតិជននោះឡើយ។
លោកពេជ្រ ស្រស់បានបន្ថែមថា «នៅព្រឹកស្អែកនេះ ខ្ញុំនឹងផ្ញើលិខិតមួយជូន រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យបានតឹងរឹង តម្លាភាព និង យុត្តិធម៌ គឺដើម្បីធានាបាននូវសង្គមស្អាតស្អំហើយខ្ញុំនឹងមិនផ្ញើលិខិតជូនទៅព្រះរាជអាជ្ញានោះទេ ដោយសាររដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានសិទ្ធិប្តឹងអន្តរាគមន៍ដើម្បីព្រះរាជអាជ្ញាអនុវត្តនីតិវិធីច្បាប់៕»