ភ្នំពេញ៖ដូចពាក្យចាស់តែងពោលថាមនុស្សកុំមើលងាយមនុស្ស អាចថ្ងៃនេះក្រមិនប្រាកដថាថ្ងៃមុខក្រទៀតទេឲ្យតែខិតខំរកនិងសន្សំ។មិនខុសគ្នាពីតារាសម្តែងកញ្ញា វ៉ាន់ វល័ក្ខ នោះទេដោយសារតែភាពមើលងាយមើលថោកទើបធ្វើឲ្យតារាស្រីរូបនេះបានប្រែក្លាយវិវឌ្ឍន៍ខ្លួនពីក្មេងជនបទមានជីវភាពខ្វះខាតក្លាយជាតារាសម្តែងល្បីអាចរកកម្រៃបានខ្ពស់បំពេញបំណងនិងភាពហ៊ឺហាររបស់ខ្លួន។
ជាក់ស្តែងបើតាមការសង្កេតតារាស្រីកញ្ញា វ៉ាន់ វល័ក្ខក្រោយពេលចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលច្រើនឆ្នាំមកនេះមានបានប្រែក្លាយខ្លួនខុសប្លែកពីគ្រាមុនដែលតារាស្រីរូបនេះស្ទើររកអ្វីជិះទៅធ្វើការគ្មាននិងមិនមានសម្ភារៈរបស់ថ្លៃៗប្រើប្រាស់បង្អួតគេដូចអ្នកសិល្បៈដទៃទៀតឡើង។ប៉ុន្តែដោយសារតែភាពខិតខំព្យាយាមនិងជំនៈរាល់ឧបសគ្គទើបបច្ចុប្បន្ននេះ វ៉ាន់ វល័ក្ខ បានលេចខ្លួនជាមួយការប្រើប្រាស់សម្ភារៈថ្លៃៗនិងទំនើបៗដូចជាស៊េរីរថយន្តឬរបស់ផ្សេងៗជាដើម។
ស្របពេលដែល វ៉ាន់ វល័ក្ខ កាន់តែមានភាពលេចធ្លោជាមួយការប្រើប្រាសម្ភារៈនិយមដែលដើរទន្ទឹមគ្នានឹងអាជីពសិល្បៈរីកចម្រើននេះដែរថ្មីៗនេះស្រាប់តែនាងបានធ្វើឲ្យអ្នកគាំទ្រនិងមហាជនភ្ញាក់ផ្អើលខ្លាំងក្រោយពេលតារាស្រី វ៉ាន់ វល័ក្ខ បានទម្លាយរូបភាពផ្ទះវីឡាដ៏ខ្ពស់ស្កឹមស្កៃតម្លៃខ្ទង់រាប់សែនដុល្លារយ៉ាងប្រងើយ។
ផ្អែកតាមរូបភាពនឹងខ្លឹមសារដែលសាមីខ្លួនកញ្ញា វ៉ាន់ វល័ក្ខ បង្ហោះនៅលើបណ្តាញសង្គមបានបញ្ជាក់បែបនេះថាព្រោះតែការឈឺចាប់នឹងសម្តីមើលងាររបស់បុគ្គលមួយចំនួនដែលនៅជុំវិញខ្លួនទើបធ្វើឲ្យខ្ញុំខំប្រឹងរហូតដល់មានថ្ងៃនេះ។ការមើលងាយការឈឺចាប់ ខ្ញុំនឹងញញឹមទទួលយកហើយប្រាប់ខ្លួនឯងថាខំប្រឹងបន្តទៀតណា វ៉ាន់ វល័ក្ខ ។
នាងបានបន្ថែមទៀតថាវាមិនធំទេចំពោះអ្នកដែលគិតអវិជ្ជមានមកលើរូបខ្ញុំប៉ុន្តែវាធំសម្រាប់នារីកូនអ្នកក្រម្នាក់នេះ។បន្ថែមពីនេះកញ្ញា វល័ក្ខ បញ្ជាក់ថាចំពោះផ្ទះវីឡារបស់នាងពេលនេះសាងសង់បានប្រមាណ៦០ភាគរយហើយពោលគឺនៅសល់តែ៤០ភាគទៀតប៉ុណ្ណោះនឹងត្រូវសម្រេចក្តីស្រម៉ៃនេះដ៏ពេញលេញហើយ៕
អត្ថបទ៖ តារារស្មី







