ក្រោយរុះរើតូបលក់ដូរនៅលើឆ្នេរអូត្រេះ បន្សល់ទុកបង្គន់លាមកជាង១០០រណ្ដៅ ជាកង្វល់ដែលត្រូវដោះស្រាយបន្ទាន់

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសសុំជំនួយបច្ចេកទេស ជួយលុបរណ្ដៅបង្គន់លាមកចំនួន ១៣៦ ដែលបានបន្សល់ទុកក្រោយពីធ្វើការរុះរើតូបបលក់ដូរ នៅលើឆ្នេរអូត្រេះរួចមក។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា « ក្រោយពេលសំអាតសំរាម អំពីការលក់ដូរ នៅឆ្នេរអូត្រេះរួច គឺនៅសល់រណ្ដៅ ។ សុំជំនួយបច្ចេកទេសផង តេីធ្វេីបែបណា ដេីម្បីកុំអោយរណ្ដៅនេះបង្ករផលប៉ះពាល់ ? បេីនៅបន្តទៀត តេីឆ្នេរសាធារណៈ របស់យេីង ទៅជាយ៉ាងណា? »។
សូមរំលឹកថាកាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលក្រុងព្រះសីហនុ បានអនុវត្តតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត នាថ្ងៃ១៣ ខែមករា ឆ្នាំ២០២០ ដូចការគ្រោងទុក នៅតាមតំបន់ឆ្នេរ អូត្រេះត្រូវបានចុះអនុវត្តន៍ រុះរើបញ្ចាប់ដោយជោគជ័យ ក្រោយពីជូនដំណឹង រយៈពេលមួយសប្តាហ៍ហើយ គឺ តូបលក់ដូរមិនរៀបរយចំនួន ប្រមាណ៦២តូបត្រូវបានរុះរើអស់ទាំងស្រុង។
ការរុះរើតូបលក់ដូរមិនរៀបរយនេះ គឺដើម្បីរៀបចំធ្វើផ្លូវ និងសួនច្បារ រួមទាំងកែលម្អសោភ័ណ្ឌភាពឆ្នេរឡើងវិញ ដើម្បីទុកបម្រើ ជាសាធារណៈ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត៕