ប្រទះឃើញដ្រូន ១គ្រឿងធ្លាក់ក្នុងមូលដ្ខាន ស្រុកគិរីសាគរ សមត្ថកិច្ចជំនាញកំពុងធ្វើកោសលវិច្ឆ័យ

0

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញយន្តហោះដ្រូន ១គ្រឿង ទំហំ ៩,៧០ម៉ែត្រ បានធ្លាក់នៅវាលស្មៅក្បែរផ្ទះ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី ១៦ ខែមករា ២០២០ ដោយ រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យបន្ទាន់។
លោក សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅវេលាម៉ោង ១១ និង ៣០ ថ្ងៃទី ១៧ ខែមករា គឺពិត ជាមានយន្តហោះដ្រូនធ្លាក់ នៅមូលដ្ឋានរស់នៅប្រជាពលរដ្ឋប្រាកដមែន ដោយដ្រូនមានលក្ខណៈខ្នាតធំ ពណ៌ស លេខ សម្គាល់ ១៧០១០០២ ប្រវែងបណ្តោយ ៥ម៉ែត្រ និងទទឹងស្លាប ប្រវែង ៤,៨៥ម៉ែត្រ សរុបទំហំជិត ១០ម៉ែត្រ ឯណោះ ។
ប៉ុន្តែទោះយ៉ាងណា លោកស្នងការនគរបាលខេត្តកោះកុង នៅមិនទាន់បកស្រាយបានទេ ថាយន្តហោះមានប្រភពមកពីណាទេ ខណៈលោកបានរាយការណ៍ ស្នើទៅអគ្គស្នងការនគរបាល ចុះពិនិត្យស្រាវជ្រាវលម្អិត ។
បើយោងតាមស្នងការនគរបាលខេត្តកោះកុង បច្ចុប្បន្នសមត្ថកិច្ចកំពុងហ៊ុមព័ទ្ធការពារ ទីតាំងដែលធ្លាក់ដ្រូននោះ មិន នរណាម្នាក់ចូលទៅជិតបានទេ ពោលគឺរង់ចាំសមត្ថកិច្ចខាងផ្នែកបច្ចេកទេស មកវិនិច្ឆ័យទើបអាចផ្តល់ព័ត៌មានលម្អិតបាន ៕