ភ្នំពេញ៖ នាយក្តីបងធម៌ របស់នាយចឺម បានប្រាប់ OBN Asia នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឲ្យដឹងថា រឿងប្អូនខ្លួនត្រូវបានគេវាយនោះ វាជារឿងពិតប្រាកដណាស់ មិនមែនថត MV នោះទេ ដោយហេតុការណ៍នេះបានកើតឡើងមុនថ្ងៃទី ១៨ធ្នូ ដោយស្ថិតក្នុងទឹកដីប៉ៃលិន ។
ហេតុការណ៍ដ៏កក្រើកនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះ បានធ្វើឲ្យម្នាក់ទាញការសន្និដ្ឋានជា ការថត MV ខណៈដែលមុនកើតហេតុ នាយចឺម ក៏បានបង្ហាញបង្ហោះរូបក្នុងស្ទីតយ៉ូ ដោយបញ្ជាក់ថាបទថ្មី ផ្ញើជូនអ្នកចូលចិត្តញ៉ែសង្សារគេ។
អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានលើកជាគំនិតថា រឿងនេះជាការថត MV សូមបើកភ្នែកមើលផង ។ តែទោះជាយ៉ាងណា អ្នកស្និទ្ធនឹងនាយ ចឺម បានបញ្ជាក់ផងដែរថា មិនមែនទេ ។
នាយក្តី បានប្រាប់ OBN Asia តាមរយៈការខលតាមប្រព័ន្ធ Messenger ថា បាទបងរឿងនេះជារឿងពិត ខ្ញុំពិតជាអាណិតខ្លោចចិត្តចំពោះប្អូនខ្ញុំ ណាស់ មិននឹកស្មានថា រឿងវាកើតឡើងដល់ថ្នាក់នេះសោះ ដោយយប់មិញខ្ញុំបានខលទៅសួរគាត់ ដោយគាត់បានឆ្លើយធម្មតា ដូចគ្មានអ្វីកើតឡើង ដោយឃើញវីដេអូព្រឹកនេះ ទើបដឹងថាវាធ្ងន់ធ្ងរមិនដូចអ្វីដែលគាត់និយាយ ។
នាយក្តី បានបន្តទៀតថា តាមពិតហេតុការណ៍នេះវាបានកើតឡើងនៅម្តុំបុរី ពេជ្រ ក្នុងទឹកដីប៉ៃលិន ដោយក្នុងនោះ នាយចឺម បានព្យាយាមរត់ចូលកន្លែងម៉ាស្សាមួយ ដើម្បីឲ្យគេជួយ តែគ្មាននរណាជួយឡើយ ។ នាយក្តី បន្តទៀតថា ជនសង្ស័យដែលជាអតីតកីឡាករ បានព្យាយាមវាយហើយ យកទូរស័ព្ទដៃថតថែមទៀត ដោយវាយបណ្តើរ ថតបណ្តើរ ។
ក្នុងនោះដែរនាយក្តីក៏បានអះអាងថា តាមពិតរឿងនេះវាបានកើតឡើងតាំងពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែ វាទើបតែបែកធ្លាយធំដុំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រោយរឿងនេះត្រូវបានបញ្ជូនសំណំឯកសារទៅកាន់តុលាការ ហើយពេលនេះប្អូនប្រុសរបស់ខ្ញុំកំពុងនៅតុលាការក្នុងទឹកដី ប៉ៃលិន ដើម្បីដោះស្រាយរឿងនេះ ។ នាយក្តីថា ដោយសារតែមិនចង់ឲ្យវាមានបញ្ហា នឹងមិនចង់ឲ្យអ្នកផ្ទះបារម្ភ ក៏បានព្យាយាមបិទបាំងរឿងរ៉ាវនេះ ។
នាយក្តី ក៏បានបន្ថែមថា ជាមួយបញ្ហានេះ សូមបងប្អូនសាកគិតមើលសារជាថ្មី ខ្ញុំមិនកាន់ជើងប្អូនប្រុសខ្ញុំទេបើសិនជាខុសមែន សូមនិយាយតាមច្បាប់ អ្វីដែលខ្ញុំខ្លោចផ្សារបំផុត អ្នកដែលនៅក្នុងហេតុការណ៍នោះ មិនព្រមជួយគាត់ នេះគាត់ជាជនល្បីម្នាក់ក្នុងវិស័យសិល្បៈ ចុះទម្រាំគាត់ ជាមនុស្សធម្មតាវិញ អ៊ីចឹងសូមជួយគ្នាជួយឃាត់ ដើម្បីឲ្យច្បាប់ជាអ្នកចាត់ការ ខ្មែរត្រូវជួយខ្មែរ មានរឿងអីអាចដោះស្រាយគ្នាតាមសន្តិវិធីបាន ៕
ទស្សនាវីដេអូឃ្លិបនាយចឺម ត្រូវគេវាយ៖








