ភ្នំពេញ៖ ទោះបីជាសម្ជស្សត្រូវបានចាត់ទុកជាចំណុចអទិភាពទី១ របស់នារីភាគច្រើនក្តី ប៉ុន្តែសម្ជស្សដែលបានមកពីកែខៃដោះដូរ ជារឿងអាក្រក់ទៅវិញ ក្នុងជីវិតរស់នៅ ក្នុងករណីដែលគ្មានលុយសល់ក្នុងដៃរាប់ពាន់រាប់ម៉ឺនដុល្លារ ដើម្បីព្យាបាលបន្ត និងដោះដូរនៅពេលក្រោយៗ ដែលជួបនូវបញ្ហា ។
តារាចម្រៀងម្នាក់សុំមិនបញ្ចេញឈ្មោះ និងជាតារាចម្រៀងគេឲ្យរហស្សនាមថា ជាកំពូលតារាកូពី បានប្រាប់ OBN Asia ថា លោកបានកែខៃច្រមុះ ពីធម្មជាតិ ទៅដាក់ឧបករណ៍សប្បនិម្មិតនេះ គឺបានធ្វើខុសក្នុងជីវិត ថ្វីបើធ្វើចេញមកស្អាតជាងមុន ប៉ុន្តែត្រូវចំណាយបន្តបន្ទាប់ អស់រាប់ម៉ឺន ដុល្លារអាម៉េរិក ។
ថ្លែងប្រាប់អង្គភាពយើងខ្ញុំសុំមិនបញ្ចេញឈ្មោះ តារាចម្រៀងរូបនោះបានបញ្ជាក់ថា តាមពិតលោកបានចេញបោកគេក្នុងការលួងលោមឲ្យ កែខៃច្រមុះ តែក្រោយៗមកលោកក៏ត្រូវចំណាយជាបន្តបន្ទាប់ ដោយមានបញ្ហាជាច្រើនលើកច្រើនសារ នឹងត្រូវចំណាយអស់ខ្ទង់រាប់ពាន់រាប៉ម៉ឺនដុល្លារអាម៉េរិក ។
លោកថា លោកស្តាយនូវច្រមុះធម្មជាតិរបស់លោកណាស់ ប៉ុន្តែអ្វីៗក៏វាហួសពេលអស់ហើយ អ៊ីចឹងមានត្រូវរកលុយសន្សំដើម្បីការពារ នៅពេលដែល ខ្ទង់ច្រមុះសប្បនិម្មិតមានបញ្ហា ត្រូវទៅដោះដូរ ឬព្យាបាល ។
តារាចម្រៀងរូបនោះ បានផ្តាំថា បើសិនជាគ្មានលុយច្រើនក្នុងដៃទេ កុំកែខៃច្រមុះ ឬកន្លែងផ្សេងៗធ្វើអ្វី ជាក់ស្តែងរូបលោក មកទល់នឹងពេលនេះ ឧស្សាហ៍ចេញក្រៅស្រុកស្ងាត់ៗ ដើម្បីទៅព្យាបាលបញ្ហាច្រមុះ នេះបើគិតទៅចូលដល់ខ្ទង់ រាប់ម៉ឺនដុល្លារហើយ ។ នេះមានលុយ ចុះបើវះកាត់ដោះដូរហើយ គ្មានលុយទៅវិញ គិតយ៉ាងណា ?
លោកក៏បានលើកទឹកចិត្តដល់អ្នកដែលមានបំណងចង់កែខៃ ច្រមុះ ឬសម្រស់ផ្សេងៗ បើចៀសបានគួរចៀស ទៅ វាមិនល្អដូចរបស់ធម្មជាតិ ដែលឪពុកម្តាយ ខំផ្តល់ឲ្យពីកំណើតនោះទេ ៕