ភ្នំពេញ៖ ក្រោយរស់នៅជាមួយគ្នាជាច្រើនឆ្នាំដូចជាប្តីប្រពន្ធ និងបានបើកជំនួញរួមគ្នាយ៉ាងអ៊ឹកធឹកនោះ ស្រាប់តែធ្លាយព័ត៌មានមកថា តូតា និងគូស្នេហ៍ ឈ្មោះ លោក ប៉ុល វិបូ នឹងចូលរោងការឆាប់ៗ ខណៈដែលខាងតួស្រីបានព្យាយាមសម្រកគីឡូឲ្យរាងស្អាត ចំនួន ៦គីឡូ ដើម្បី ក្លាយជាព្រះនាងក្នុងកម្មវិធីចំណងអាពាហ៍ពិពាហ៍ ។
តូតា បានព្យាយាម សម្រកគីឡូរបស់នាងដែលឡើងដល់ ៦២គីឡូ មកនៅត្រឹមតែ ៥៦គីឡូតែប៉ុណ្ណោះ ។ ធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈលាន់មាត់ថាស្រស់ស្អាត ។ ការសម្រកគីឡូនេះដែរ គឺក្នុងន័យត្រៀមចូលរោងជ័យ ប៉ុន្តែប្រភពមិនទាន់បានបញ្ជាក់ពីពេលវេលានៅឡើយ។
ក្រោយរួមរស់ជាមួយគ្នាមិនខុសពីប្តីប្រពន្ធទូទៅ និងមិនខុសពីចំណងស្នេហា របស់អ្នកសិល្បៈមួយចំនួន តូតា ហាក់មិនសូវខ្វាយខ្វល់រឿង រៀបការ រៀបស្អីនោះទេ ប៉ុន្តែទើបតែថ្មីៗនេះ ក៏ស្រាប់តែត្រៀមចូលរោងការ ទៅតាមប្រពៃណី ស្របពេលដែលជំនួញកំពុងរីកដូចផ្សិតនោះ ។
ទន្ទឹមជាមួយស្នេហាជោគជ័យ តូតា ក៏បានជោគជ័យទៅលើមុខជំនួញជាច្រើន ដូចជា ហាងផឹកស៊ី ផែសមុទ្រ និង ថ្មីៗនេះ បានបើករីសតមួយកន្លែង នៅខេត្តកំពតឈ្មោះថា ផែសមុទ្ររីសត ។
បញ្ជាក់ថា កន្លងមក តូតា ធ្លាប់ព្រលយថា ប្រសិននាងរៀបការមែននាងនឹងរៀបចំពិធីឱ្យអធិកអធមនិងពិសេសបំផុត ជាពិសេសការជ្រើសរើសសម្អាងការគឺនាងជ្រើសរើសផ្សេងៗគ្នាដែលមានដូចជា ពេលសូត្រមន្ត ពេលព្រឹក និង ពេលល្ងាចទទួលភ្ញៀវជាដើម ៕