ភ្នំពេញ៖ អាចនិយាយបានថា ដេននី ក្វាន់ ជាតារាស្រីដំបូង ក្នុងពិភពសិល្បៈនាពេលបច្ចុប្បន្ន ដែលបានចូលរួមជួយសម្រួល លើកកម្ពស់ដល់គុនខ្មែរ ក្រោយបង្ហាញវត្តមានជួយជាផ្លូវការជួយដល់ក្លិបឆ្មាសសែនសុខ របស់លោកគ្រូស៊ន អេលីត នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ។
គុនខ្មែរនាពេលបច្ចុប្បន្ន ត្រូវការចាំបាច់ដើម្បីលើកកម្ពស់ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាស្ថិតក្នុងកម្រិតមួយដ៏ល្អប្រសើរ ដើម្បីបន្តស្នង តំណែងរក្សានូវគុនខ្មែរនេះ នឹងចូលរួមវិវត្តខ្លួនធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ នាពេលខាងមុខ។
ក្នុងនោះគេសង្កេតឃើញថា មានមហាជនជាច្រើន ចាប់ផ្តើមក្រឡេកមកមើលវិស័យមួយ ដោយបានចំណាយថវិកាផ្ទាល់ខ្លួន លើកទឹកចិត្ត ដល់អ្នក ប្រដាល់គុនខ្មែរ ក៏ព្រោះតែចង់ឃើញគុនខ្មែររីកចំរើនដូចបណ្តាប្រទេសជិតខាង ក្នុងនាមយើងជាម្ចាស់ក្បាច់គុន។
ក្នុងចំណោមមហាជននោះដែរគេឃើញ មានតារាសម្តែងស្រីដំបូងគេក្នុងពិភពសិល្បៈគឺកញ្ញា ដេននី ក្វាន់ បានព្យាយាមបរិច្ចាគថវិកាផ្ទាល់ខ្លួន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ដល់ក្លិបប្រដាល់ឆ្មាសសែនសុខ នឹងបន្តចូលរួមជួយដល់ក្លិបផ្សេងៗទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។
អំណោយដែលលោក ចាន់ មករា និង កញ្ញា ដេននី ក្វាន់ នាំយកមកជួយ រួមមាន អង្គរ ៥០០គីឡូក្រាម (១០បាវ) ត្រីខ ៣កេសធំ មីម៉ាម៉ា ១០កេស ភេសជ្ជៈ ១០កេស ទឹកត្រី និងទឹកស៊ីអ៊ីវ ៥យួរ ថវិកាជូនដល់កីឡាករចំនួន ១លានរៀល ជូនដល់គ្រូបង្ហាត់២នាក់ ក្នុងម្នាក់ ១០០ ដុល្លារអាម៉េរិក ។
ដេននី ក្វាន់ បានប្រាប់មក OBN ថា «កត្តាទាំងនេះដោយសារមានឪពុក របស់ ខ្ញុំនៅព្រះវិហាជាអ្នកគាំទ្រ និង តាមដានគុនខ្មែរហើយ ដោយសារ ដេននីក្វាន់បានស្វែងយល់ដឹងពីស្ថានភាពកីឡាករគុនខ្មែរភាគច្រើនខ្វះខាតដូចនេះ
ជានិច្ចកាលគឺដេននីក្វាន់តែងតែ ជួយសម្រាលភាពខ្វះខាតដល់ពួកគាត់ដែលជាអ្នកស្នងមរតកគុនខ្មែរ»។
ដោយឡែកលោក ចាន់ មករា បានមានប្រសាសន៍ឲ្យដឹងថា នេះមិនមែនជាលើកទី១នោះទេ ដែលដេននី ក្វាន់ និងលោកបានធ្វើសកម្មភាព ជួយដល់កីឡាករ នឹងគ្រូបង្វឹកផ្សេងៗ ហើយវាក៏មិនមែនជាលើកចុងក្រោយដែរមានន័យថា ដេននី ក្វាន់ នឹងបន្តជួយដល់គុនខ្មែរបន្តទៀត ទៅតាមលទ្ធភាពនឹងពេលវេលា ៕