ភ្នំពេញ៖ បេក្ខរីចំនួនបីនាក់ ដែលមានអាជីពជាតារាចម្រៀង បានចាប់ដៃគូគ្នាបង្កើតក្រុម TMT ដោយលើកយកបទចម្រៀង «មនុស្សប្រុសគ្មានអ្នកណាស្មោះទេ» ឡើងបញ្ចេញសមត្ថភាពដែលធ្វើឲ្យកក្រើកឆាក X Factor Cambodia កាលពីរាត្រីយប់មិញ ក្នុងវគ្គ Judge Audition ។
តាមរយៈការបញ្ចេញសមត្ថភាពបទខាងលើ កុលាបបីទងក្នុងរង្វង់សិល្បៈ បានធ្វើឲ្យកក្រើកឆាកដោយទទួលបាន Yes ពីគណៈកម្មការចំនួន ៤ តាមរយៈសូរសៀង ដ៏ពិរោះ ដោយសហការគ្នា ធ្វើបានល្អទាំងការស្លៀកពាក់ និងតុបតែងខ្លួន។
Vita ដែលជាបេក្ខរីម្នាក់ ក្នុងក្រុម TMT និងជាមនុស្សម្នាក់ដែលគេស្គាល់ស្រាប់តាមរយៈការ Cover បទ «អតីត» បានប្រាប់ឲ្យដឹងថា បើនិយាយពីក្រុម TMT នេះវាផ្តើមចេញពីឈ្មោះខ្ញុំទាំងបី ដោយ T ទី១ ផ្តើមចេញពីឈ្មោះចុងខ្ញុំ និង M ឈ្មោះចេញពីស្រីមាស ដែលជាអ្នកក្មេងជាងគេ ហើយ T មួយទៀតផ្តើមចេញពីឈ្មោះ «ទី» ។ Vita បានបន្តទៀតថា មុនដំបូងគិតថាប្រឡងលក្ខណៈបុគ្គលរៀងៗខ្លួនទេ ប៉ុន្តែដោយសារតែ គិតចង់ឲ្យប្លែកតិចក៏ចាប់ដៃគូគ្នាតែម្តងទៅ ក្រោយពីសមមានលក្ខណៈសហការគ្នាបានល្អប្រសើរ។
តំណាងឲ្យក្រុម TMT វីតា បានបន្តថាក្រោយពី ជាប់វគ្គ Judge Audition នេះក្រុមខ្ញុំបានត្រៀមអ្វីដែលថ្មី ប្លែក ដោយសុំលាក់សិន ក៏ព្រោះតែនៅ វគ្គ បន្ទាប់នេះ ក៏ជាវគ្គសំខាន់ ដោយមានបេក្ខជន បេក្ខរី ខ្លាំងទៅៗ អ៊ីចឹងពួកខ្ញុំត្រូវតែមានអ្វីដែលថ្មី ដើម្បីដណ្តើមតំណែងនៅវគ្គបន្ទាប់៕
ទស្សនាវីដេអូឃ្លិប ក្រុម TMT ច្រៀង «មនុស្សប្រុសគ្មានអ្នកណាស្មោះទេ» ៖







